ស៊ន សៀវ​ម៉ី ប្រកាស​ការពារ​មេ​ដាយ​មាស​​ស៊ី​ហ្គេ​ម


រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​កាន់តែ​ខិត​ជិត​មក​ដល់ ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤ ស៊ន សៀវ​ម៉ី ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេ​ម​កាលពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ា​ឡេ​សុី​ផង​នោះ បាន​អះអាង​ថា នាង​នឹង​ប្រឹងប្រែង​ការ​ពារ​មេដាយមាស​របស់​ខ្លួន​នៅ​ក្នុងឆ្នាំនេះ​ឲ្យ​អស់​លទ្ធភាព ។ នាង​និយាយ​ថា មិន​ទាំង​មានឱកាស​ជួបជុំ​បងប្អូន​សាច់ញាតិ​ក្នុង​អំឡុង​ភ្ជុំ​កន្លង​ទៅ​នេះ​ផង ដោយសារ​តែ​ជាប់រវល់​នឹង​ការ​ហ្វឹកហាត់ ហើយ​មិន​ចង់​ឡើង​ចុះ​ខាត​ពេល​វេលា ។

ស៊ន សៀវ​ម៉ី អះអាង​ថា ទោះជា​ខកខានជួបជុំ​ឪពុក​ម្តាយ​ញាតិ​មិត្ត​បងប្អូន​ក្នុង​ឱកាស បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ តែ​នាង​នៅ​តែ​មាន​អារម្មណ៍​សប្បាយចិត្ត​នៅ​ពេល​គិតដល់​ការ​ប្រកួត​ស៊ី​ហ្គេ​មខាង​មុខ ។ នាង​សប្បាយចិត្ត ក៏​ព្រោះតែ​ការ​លះបង់​របស់​នាង ធ្វើ​ឡើង ដើម្បី​មុខមាត់​ប្រទេស​ជាតិ និង​ស្រប​តាម​អាជីព ដែល​នាង​ស្រឡាញ់ ។

នាង​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គ្មាន​អ្វី​សប្បាយចិត្ត​ជាង​បាន​លះបង់​ដើម្បី​ជាតិ និង អាជីព​​របស់​ខ្លួន​នោះ​ទេ ជា​ពិសេស​នៅ​ពេល​សម្លឹង​មើល​ដល់​លទ្ធផល​នៃ​ការ​ប្រកួត​ដែល​កាន់​​តែ​ខិត​ជិត​មក​ដល់ ។ សម្រាប់​ការ​ខកខាន​ជួបជុំ គ្រួសារ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​មិន​ថ្វី​នោះ​ទេ ព្រោះ​ម្តាយ​និង​គ្រួសារ​របស់​នាង​បាន​ទៅ​វត្ត​ជុំ​គ្នា​រួច​ហើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឪពុក​ម្ដាយ​របស់​នាង​ក៏​បាន​លើកទឹកចិត្ត​នាង​ឲ្យ​ខិតខំ​ប្រឹងប្រែង​ទៀត​ផង ក្នុង​ការ​ហ្វឹកហាត់​នៅ​កូរ៉េ​នៅ​ក្នុង​ពេល
នេះ ។

ការ​លើក​ឡើង​របស់​នាង ស៊ន សៀវ​ម៉ី នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​១​ស្តី​ពី​ការ​ប្រកាស​កាល​បរិច្ឆេទ​ផ្លូវការ​និង​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នៅ​ក្នុង​ពេល​នោះ ធ្វើ​ឲ្យ​ម្នាក់​ៗ​កោតសរសើរ​ពី​ការ លះបង់​របស់​នាង​យ៉ាង​ខ្លាំង ។ នាង​និយាយ​ថា ការ​អាក់ខាន​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គឺ​ដើម្បី​ការពារ​កិត្តិយស​ក្នុង​នាម​ជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤ និង​ដើម្បី​ឲ្យ​ការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​កូរ៉េ​រយៈពេល​២​ខែ​របស់​នាង​ទទួល​បាន​លទ្ធផល ។ នាង​ប្រឹងប្រែង ក៏​ក្នុង​បំណង​ការ​ពារ​តំណែង​ជើងឯក​ដែល​ធ្លាប់​បាន​ទទួល សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​ករ​ណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ដែល​ប្រព្រឹត្ត​ទៅ​នា​ចុងឆ្នាំ​២០១៩​នេះ ។ ការ​ហ្វឹកហាត់​របស់​នាង​បាន​ប្រព្រឹត្ត​ទៅ​តាំងពី​ពាក់កណ្តាល​ខែកញ្ញា ដោយ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ជាមួយនឹង​ជំហរ​ការពារ​តំណែង​ជើងឯក ដែល​ធ្លាប់​ក្លាយជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី ហ្គេ​ម​ឆ្នាំ​២០១៧ នៅ​ម៉ា​ឡេ​ស៊ី​នាង​ហាក់​រំពឹង​យ៉ាង​ខ្លាំង​ថា នាង​មាន​សង្ឃឹម​ច្រើន​នៅ​ពេល​ស្រមៃ​ដល់​សង្វៀន​ដែល​ខិត​ជិត​ដល់ ។ ស្រង់​សម្ដី​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ ដែល​នាង​លើក​ឡើង​ពាក់​ព័ន្ធ​ពី​ជំហរ​ខាងលើ ស៑ន សៀវ​ម៉ី និយាយ​ថា «​ខ្ញុំ​គិត​ថា វា​មិនមែន​ជា​សម្ពាធ​នោះ​ទេ ប៉ុន្តែ​វា​ជា​កត្តា​ជំរុញ​ឲ្យ​យើង​ខិតខំ​កាន់តែ​ខ្លាំង​។ បើ​យើង​រំពឹង​កាន់តែ​ខ្ពស់ ការ​ខិតខំ​របស់​យើង​ក៏​កាន់តែ​ខ្លាំង ព្រោះ​បើ​យើង​មិន​ខិតខំ​ហាត់ គេ​អាច​ដណ្តើម​យក​មេដាយ​ពី​យើង​» ។

នេះ​ជា​ការ​បញ្ជាក់​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​បាន​បន្ថែម​ថា កម្រិត​សមត្ថភាព​របស់​នាង​មិន​មានការ​ធ្លាក់​ចុះ​ទេ​បើ​ធៀប​នឹង​លើក​មុន ទោះបី​នាង​ទើប​ជា​សះស្បើយ​ពីរ​បួស​ជង្គង់​ដែល​បាន​វះកាត់​កន្លង​មក​ក៏​ដោយ ។

ស៊ន សៀវ​ម៉ី និយាយ​ថា ៖ «​អាច​និយាយ​បាន​ថា​៥០​លើ​៥០ ព្រោះ​ហ្វ៊ី​លី​ពី​ន​ជា​ម្ចាស់ផ្ទះ​ហើយ​ភាគច្រើន​ខ្ញុំ​តែងតែ​ជួប​កីឡាការិនី​ហ្វ៊ី​លី​ពី​ន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ បើ​តាម​ខ្ញុំ ហ្វ៊ី​លី​ពី​ន​ជា​ម្ចាស់​មេ​ដាយមាស​៧​ទៅ​៨​ជំនាន់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ។ បើ​និយាយ​ពី​ការ​ប្រកួត​ដោយ​សមត្ថភាព គឺ​ខ្ញុំ​រំពឹង​ច្រើន គ្រាន់តែ​យើង​មិនដឹង​ថា​ការ​ប្រកួត​របៀប​ម៉េច គេ​ដាក់​ពិន្ទុ​យ៉ាងណា​យើង​មិន​ទាន់​ដឹង ព្រោះ​ម្ចាស់ផ្ទះ​អាច​មាន​សិទ្ធិ​កែប្រែ ។ ខ្ញុំ​គិត​ថា ឆ្នាំ​នេះ​ខ្ញុំ​អាច​ជោគជ័យ​ច្រើន​ព្រោះ ខ្ញុំ​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​» ។

កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ បង្ហាញ​ពី​ក្តី​កង្វល់​ខ្លះ​ៗ​ថា កីឡាការិនី​ម្ចាស់ផ្ទះ​និង​កីឡា​កា​រិនី​វៀត​ណាម អាច​ជា​ឧបសគ្គ​ក្នុង​ការ​ប្រជែង ដណ្តើម​មេដាយ​ជូន​ជាតិ​នៅ​លើក​នេះ ប៉ុន្តែ​នាង​ក៏​មិន​ទាន់​ចុះចាញ់​ដែរ ។ អុ​ី​ចឹ​ង​ហើយ ទើប​នាង​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​មិន​ខ្លាច​នឿយហត់​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ប្រឡូក​ក្នុង​វិស័យ កីឡា​តេ​ក្វា​ន់​ដូ​(WTF) អស់​រយៈពេល​ជិត​១០​ឆ្នាំ តាំងពី​ឆ្នាំ​២០១០ កីឡាការិនី ស៑ន សៀវ​ម៉ី ហាក់​ជោគជ័យ​ខ្លាំង​លើ​វិ​ថី​មួយ​នេះ ។ នាង​បាន​សាង​ស្នាដៃ​ជា​ច្រើន​ជូន​ជាតិ​តាម​រយៈ​ការ​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៤​នៅ​ប្រទេស​កូរ៉េ ដើម្បី​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​៦៥​ឆ្នាំ​នៃ​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​របស់​កម្ពុជា ។ នៅ​ឆ្នាំ​២០១៦ សៀវ​ម៉ី ជា​កីឡាការិនី​ដំបូង​គេ​ដែល​ទទួល​បាន​កៅអី​ពេញ​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​កី​ឡា​អូ​ឡាំ​ពិ​ក​នៅ​​្រទេស​ប្រេ​ស៊ី​ល ក្រោយ​ពី​នាង​ដណ្តើម​បាន​មេដាយមាស​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​កូរ៉េ ។ ក្រៅពី​ស្នាដៃ​ជា ប្រវត្តិសាស្ត្រ​ទាំងនេះ សៀវ​ម៉ី បាន​កសាង​ភាព​ល្បីល្បាញ​ជា​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​ការណ៍​សុ​ី​ហ្គេ​ម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ