កសិករ​ដាំ​ម្រេច​កំពត​កំពុង​ជួប​វិបត្តិ​ទីផ្សារ​! ផលិត​បាន​តែ​គ្មាន​អ្នកទិញ ខណៈ​នៅ​ជាប់បំណុល​ធនាគារ


ខេត្ត​កំពត​ ៖ ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ទទួលស្គាល់​លើ​ទីផ្សារ​អន្តរជាតិ​ថា​ជា​ម្រេច​ដែល​មានគុណ​ភាព​ខ្ពស់ ដែល​នាំឲ្យ​តម្លៃ​ម្រេច​កំពត​លក់​បាន​ថ្លៃ​ជាង​ម្រេច​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ។ ហេតុ​ដូច្នេះ​ហើយ​ក្នុងអំឡុងពេល​ម្រេច​កំពុង​មាន​ទីផ្សារ​ខ្លាំង និង​តម្លៃ​ខ្ពស់​នោះ កសិករ​ក្នុង​ខេត្តកំពត​ជា​ច្រើន បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម ដោយ​អ្នកខ្លះ​យក​លុយ​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​ជាដើម​ទុន​។

​ស្រប​ពេល​បងប្អូន​កសិករ​ដាំ​ម្រេច​នៅ​កំពត​បាន​សម្រេចចិត្ត​ខ្ចី​លុយ​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ពង្រីក​នូវ​ការ​ដាំ​ដុះ​នោះ ស្រាប់តែ​ពេល​នេះ​ម្រេច​កំពត​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​តម្លៃ​បាន​ធ្លាក់​ទាប ហើយ​មិន​មាន​អ្នកទិញ​ទៅ​ទៀត ដែល​ជា​ហេតុ​ធ្វើ​អោយ​កសិករ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​និង​ខ្លះ​ហាក់​បាក់ទឹកចិត្ត​និង​ត្រៀម​ដក​ជន្លង់ម្រេច​មក​ទុក​ផ្ទះ​វិញ​។

បើ​តាម​លោក ពៅ ផេង ផលិតករ​ម្រេច​កំពត​មួយ​រូប ក្នុងភូមិ​អង្គរ​ជ័យ​ទី​១ ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច បានអោយ​ដឹង​ថា​រយៈពេល​ពីរ​ឆ្នាំ ហើយ​ដែល​ផលិតផល​ម្រេច មិន​មាន​អ្នកទិញ ហើយ​លោក​ចេះ​តែ​ទុក​នៅ​ក្នុងផ្ទះ​មិនដឹង​លក់​អោយ​អ្នក​ណា ។ ​លោក​បាន​ពោល​អម​នឹង​ពាក្យ​ត្អូញត្អែរ​ថា «​មាន​គេ​មក​ទិញ​ដែរ តែ​ក្នុង​តម្លៃ​មួយ​ទាប​ជាង​លក់​អោយ​សមាគម តែ​យ៉ាងណា​មិន​មាន​ឈ្មួញ​មក​រក​ទិញ​ច្រើន​នោះ​ទេ គឺ​ទិញ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ តែ​រហូត​មក​ដល់​ពេល​នេះ គឺ​មិន​មាន​អ្នកទិញ​ទេ ដូច្នេះ​ម្រេច​ដែល​ទទួលផល​បាន​ហើយ គឺ​លក់​ម្ដង​១​គីឡូក្រាម ២​គីឡូក្រាម ដើម្បី​បញ្ចេញ​លក់​ខ្លះ​ៗ​យក​ប្រាក់​ចំណូល​មក​វិញ​» ។

លោក​បាន​បន្ត​ថា «​រហូត​មក​ដល់​ពេល​នេះ​ចំការ​ម្រេច​របស់ខ្ញុំ ម្រេច​ខ្លះ​ក៏​ងាប់ ហើយ​បាន​ដក​ជន្លង់​ត្រលប់​មក​ផ្ទះ​វិញ​ហើយ ព្រោះ​គ្មាន​អ្នក​ថែទាំ ដោយសារ​តែ​គ្មាន​ចំណូល​មក​វិញ ដូច្នេះ​បើសិនជា​ទុក​នៅ​បន្ត​ទៀត ថ្លៃ​ចំណាយ​ទៅ​លើ​ការ​ថែទាំ​កាន់តែ​ច្រើន ហើយ​មិន​មាន​ចំណូល​ចូល​សោះ ។ កាល​មុន​នៅ​មានកូន​ៗ​ជួយ​ថែទាំ​មិនសូវ​ជា​ចំណាយ​ច្រើន តែ​ពេល​នេះ​ត្រូវ​ចំណាយ​ថ្លៃ​ពលកម្ម និង​ថ្លៃ​ជី ធម្មជាតិ ដូច​ជា លាមក​គោ និង​លាមក​ប្រចៀវ​ជាដើម​»​។ លោក​បាន​បង្ហើប​អោយ​ដឹង​ទៀត​ថា «​ពួក​យើង​ជា​កសិករ តែង​រង់ចាំ​ដំណឹង​ពី​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត ពី​ការ​ចុះ​មក​ទិញ​ម្រេច​របស់​កសិករ ក៏​ប៉ុន្តែ​ដំណឹង​នេះ​ចាំ​បាត់​ៗ មិនឃើញ​សោះ រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ហើយ​លឺ​ថា​អ្នក​ដែល​ស្និទ្ធ​នឹង​សមាគម តែងតែ​លក់​បានជា​ប្រចាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អត់​បាន​លក់​តែ​កសិករ​តូចតាច ដែល​មាន​ម្រេច​ត្រឹម​ជាង​១០០​គីឡូក្រាម​អី​ទេ ។ កសិករ​តូចតាច ត្រូវ​រក​ឈ្មួញ មក​ទិញ​ដោយ​ខ្លួនឯង ហើយ​ទោះបីជា​តម្លៃ​ទាប​ជា​សមាគម​ក៏​ត្រូវ​លក់​ដែរ បើ​ទុក​យូរ​ៗ​អាច​នឹង​ធ្វើ​អោយ​ម្រេច​ខូចគុណភាព និង​កាន់តែ​គ្មាន​អ្នក​មក​ទិញ​»​។

ដោយឡែក​លោក សុភ​ក្ដិ កសិករ​ដាំ​ម្រេច​ក្នុងភូមិ​អង្គរ​ជ័យ​ទី​២ ស្រុក​កំពង់ត្រាច បានអោយ​ដឹងផង​ដែរ​ថា បើ​ទីផ្សារ​នៅ​តែ​បន្ត​អត់​មាន​សម្រាប់​កសិករ​ទៀត​នោះ វា​នឹង​ក្លាយជា​បញ្ហា​កាន់តែ​ធំ ដោយសារ​តែ​កសិករ​មួយ​ចំនួន​យក​លុយ​ពី​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​មក​ធ្វើ​ជាដើម​ទុន សម្រាប់​ពង្រីក​និង​ដាំ​ដុះ​ដំណាំ​ម្រេច តែ​នៅ​ពេល​ដែល​បាន​ផល​ហើយ ស្រាប់តែ​ម្រេច​ចុះថ្លៃ និង​មិន​មាន​អ្នកទិញ​ផលិតផល​ម្រេច​ទៅ​ទៀត ដូច្នេះ​កសិករ នឹង​មិន​មាន​ចំណូល​អ្វី​សម្រាប់​បង់​សង​ត្រលប់​ទៅ​កាន់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​វិញ​នោះ​ទេ ។

​កសិករ​ដាំ​ម្រេច​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា « សូម​ថ្នាក់ដឹកនាំ​ជួយ​មើល​ពី​បញ្ហា​នេះ​ផង និង​សូម​ចុះ​សួរ​កសិករ​ដោយ​ផ្ទាល់ ដើម្បី​ដឹង​ពី​បញ្ហា​របស់​កសិករ ទើប​ដឹង​ថា កសិករ​មាន​សុខទុក្ខ​យ៉ាងណា​» ។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត និយាយ​ថា​មួយ​រយៈ​នេះ​ទីផ្សារ​ម្រេច​រាងចាល់​បន្តិច ហើយ​ឈ្មួញ​នៅ​តែ​មក​ទិញ​ដដែល តែ​មាន​បរិមាណ​មិន​ច្រើន​ដូច​មុន​នោះ​ទេ ដូច្នេះ​ត្រូវ​រំលែក​គ្នា​លក់​ម្នាក់​បន្តិច​ៗ ដើម្បី​បាន​គ្រប់​គ្នា តែ​មិន​អាច​យក​ទាំងអស់​បាន​ដូច​មុន​ឡើយ ។ ​លោក​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ចំពោះ​តម្លៃ​ធ្លាក់​ថ្លៃ​នោះ គឺ​ដោយសារ​តែ​កសិករ​ខ្នាត​តូច ដែល​មិន​មាន​ប្រភព​ទុន ហើយ​ត្រូវការ​លុយ​បន្ទាន់ គាត់​ត្រូវការ​លក់​ដើម្បី​បាន​លុយ​ខ្លះ​ត្រលប់​មក​វិញ ដូច្នេះ​សមាគម​ក៏​មិន​អាច​ហាមឃាត់​ពួក​គេ​មិន​អោយ​លក់​បាន​ឡើយ ព្រោះ​ពួក​គេ​ត្រូវការ​ចិញ្ចឹម​ឆ្នាំងបាយ ដូច្នេះ​ហើយ គឺ​ត្រូវធ្វើ​ទៅ​តាម​ដំណើរ​នោះ ។

លោក ងួ​ន ឡាយ បាន​មាន​ប្រសាសន៍​បន្ត​ថា «​កសិករ​ខ្នាត​តូច គឺជា​អ្នក​ធ្វើ​អោយ​ខូច​ហាងឆេង​ម្រេច ដោយ​លក់​អោយ​ឈ្មួញ​ខាងក្រៅ ដើម្បី​បាន​លុយ​ខ្លះ ដូច្នេះ​ឈ្មួញ ក៏​បាន​ទំលាក់​តម្លៃបន្ថែម​ទៀត » ។ លោក​បាន​បន្ថែម​ថា តាម​ពិត​ទៅ​ម្រេច​មាន​អ្នក​មក​ទិញ​ដែរ តែ​ក្រុមហ៊ុន​គេ​ទិញ​ទៅ​លើ​បុគ្គល ដែល​ជា​សមាជិក​របស់​សមាគម ដោយសារ​តែ​គេ​ស្គាល់​រាប់អាន​គ្នា គេ​មិន​ទិញ​ចំពោះ សមាគម​ទាំងស្រុង​ឬ​ទាំង​ជា​រួម​នោះ​ទេ ដូច្នេះ​ទើប​មាន​សមាជិក​ខ្លះ ថា​សមាគម​លក់​ម្រេច​លំអៀង​ឬ​បក្សពួក​និយម​ជាដើម ។

បច្ចុប្បន្ន​នេះ ផលិតផល​ម្រេច​កម្ពុជា ដែល​រួម​ទាំង​ម្រេច​កំពត​ផង​នោះ បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​មួយ​ចំនួន រួម​មាន ប្រទេស​វៀតណាម បារាំង អា​ល្លឺ​ម៉​ង់ ប្រទេស​ឆេ​ក អង់គ្លេស ជប៉ុន សិង្ហ​បុរី ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ឥណ្ឌា តៃវ៉ាន់ ប៊ែ​ល​ហ្សិ​ក ប្រទេស​ថៃ ប្រទេស​អូស្ត្រាលី ប្រទេស​ស្វី​ស កា​ហ្សា​ក់​ស្ថាន ជាដើម ដែល​ក្នុង​រយៈពេល​ប្រមាណ​ជិត​៩​ខែ​ដើមឆ្នាំ ២០១៩​នេះ​ផលិតផល​ម្រេច​ត្រូវ​បាន​នាំ​ចេញ​បាន​ប្រមាណ​៣០០០​តោន ។

គួរ​បញ្ជាក់​ថា​តម្លៃ​ម្រេច​ដែល​កំណត់​ដោយ​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត រួម​មាន​ម្រេចខ្មៅ​តម្លៃ ១៥​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គីឡូក្រាម​, ម្រេច​ក្រហម​តម្លៃ ២៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម និង​ម្រេចស តម្លៃ ២៨​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គីឡូក្រាម​។ ក៏​ប៉ុន្តែ​សម្រាប់​លក់​នៅ​ខាងក្រៅ​ដល់​ឈ្មួញ​វិញ គឺ​កសិករ​លក់​បាន​ត្រឹមតែ ១០.០០០​រៀល​ទៅ​៣០.០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ម្រេចខ្មៅ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ