ADB ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​៧​ភាគរយ ខណៈ​ឆ្នាំ​ក្រោយ​នឹង​អាច​ធ្លាក់​មក​ត្រឹម​៦,៨​ភាគរយ


រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ចេញ​របាយការណ៍​ថ្មី​មួយ​និយាយ​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩​នេះ ដោយ​បញ្ជាក់​ថា​នឹង​សម្រេច​បាន ៧​ភាគរយ ហើយ​ឆ្នាំ ២០២០ ខាង​មុខ​នឹង​មាន​កំណើន​ចុះ​ថយ​បន្តិច​គឺ​អាច​ត្រឹម ៦,៨​ភាគរយ ។ តែ​យ៉ាងណា​ក៏​ដោយ ដើម្បី​អោយ​សម្រេច​នូវ​កំណើន​នេះ​កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផង​ដែរ ។

​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​កាលពី​ចុងខែ​មុន​នេះ បានអោយ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​បន្ត​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​ឆ្នាំ ២០១៩​នេះ បើ​ទោះបីជា​ផលិតកម្ម​កសិកម្ម​មានការ​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ក៏ដោយ ។ នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន អំពី​សេដ្ឋកិច្ច ដែល​មានឈ្មោះ​ថា​ទស្សនៈវិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​រក្សា ការ​ព្យាករណ៍​របស់​ខ្លួន អំពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ពិត​សម្រាប់​កម្ពុជា ក្នុង​កម្រិត​៧​ភាគរយ សម្រាប់​ឆ្នាំ ២០១៩​នេះ និង​៦,៨​ភាគរយ នៅ​ឆ្នាំ ២០២០ ។

លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏​ខ្លាំងក្លា ដោយសារ​កំណើន​នៃ​វិស័យ​មួយ​ចំនួន ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​សំណង់ ។ ជាមួយនឹង​ភាព​មិន​ប្រាកដប្រជា​នៃ​បរិ​កាស​ពាណិជ្ជកម្ម​សកល មាន​កើនឡើង ព្រមទាំង​ផល​ប៉ះពាល់​របស់​វា​មក​លើ​វិស័យ​សេវាកម្ម ដូច​ជា​ទេសចរណ៍ កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​មួយ ជា​បន្ទាន់ ដែល​ផ្ដោត​លើ​អ្វី ដែល​មាន​ភាព​សម​ស្រប​សម្រាប់ ខ្លួនឯង​ព្រមទាំង​ផ្ដោត​លើ​ផលិតផល​និង​សេវាកម្ម​ដែល​មាន​តម្លៃ បន្ថែម​ខ្ពស់​ជាង​មុន ។

​លោកស្រី​បាន​បន្ត​ថា «​ការ​ធ្វើ​បែប​នេះ​តម្រូវ​ឱ្យ​កាត់​បន្ថយ​ហានិភ័យ ដែល​កើត​មាន​ឡើង​ពី​ការ​ផ្ដល់​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ ដែល​កំពុង​តែ​មានកំ​ដៅ​កើនឡើង ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ និង​មាន​ផលិតផល​ខ្ពស់​ជាង​មុន ដើម្បី​រក្សា​តុល្យភាព​នឹង​ប្រាក់​ឈ្នួល​ដែល​កំពុង​កើនឡើង និង​ទាក់ទាញ​ការ​វិនិយោគមូលធន​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​ទាំង​អស់នេះ​ត្រូវការ​ឱ្យ​មាន​ផង​ដែរ​នូវ​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​ដែល​រឹង​មាំ​» ។

​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​កត់សម្គាល់​ពី​ហានិភ័យ​ចំពោះ​ផលិតកម្ម​ដែល​អាច​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ ។ គ្រោះ​រាំង​ស្ងួត​ដែល​បាន​កើតឡើង​នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ដំបូង បាន​ធ្វើ​អោយ​ផលិតកម្ម​កសិផល និង​ជលផល​មានការ​ធ្លាក់​ចុះ ដោយ​បាន​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​កសិកម្ម មក​ត្រឹមតែ​ប្រមាណ​១,១​ភាគ​សម្រាប់​ឆ្នាំ ២០១៩​នេះ ។ កំណើន​វិស័យ​ឧស្សាហកម្ម មាន​ភាពរឹងមាំ​ដោយសារ​តែ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ផលិតកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ស្បែកជើង ជា​ពិសេស​ទំនិញ សម្រាប់​ការ​ធ្វើ​ដំណើរ ដែល​បាន​នាំ​ឱ្យ​មានការ​តម្លើង​ការ​ព្យាករណ៍​របស់​ADB ពី ១០,១​ភាគយ សម្រាប់​វិស័យ​នេះ ។

​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា កំណើន​នៃ​ការ​នាំ​ចូល​លឿន​ជាង​ការ​រំពឹង​ទុក បើ​ទោះបី​ការ​នាំ​ចេញ​ទំនិញ និង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ មានការ​កើនឡើង​យ៉ាង​រឹង​មាំ ក៏​ដោយ ។ ដូច្នេះ ឱនភាព​គណនី​ចរន្ត ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​នៅ​ក្នុង​រយៈពេល​នៃ​ការ​ព្យាករណ៍​នេះ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា សេដ្ឋវិទូ​មួយ​ចំនួន​ក៏​បាន​ផ្ដល់​ជា​ទស្សនទាន​ដល់​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ទីផ្សារ​អន្តរជាតិ ដើម្បី​រក្សា​នូវ​កំណើន​ដ៏​រឹង​មាំ​របស់​ខ្លួន​បន្តបន្ទាប់​ទៀត ខណៈ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ក៏​បាន​បន្ត​កើនឡើង ជា​ពិសេស​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ