កម្ពុជា​ស្នើ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ត​ភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​នាវា​សមុទ្រ​មក​ខេត្ត​ព្រះ​សីហ​នុ កា​រត​ភ្ជាប់​ជើងហោះហើរ


​(​រាជធានី​ភ្នំពេញ​)៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកអគ្គរាជទូត​អា​រ៉ាប់​ប៊ី​សា​អូឌីត​ប្រចាំ​វៀតណាម​-​កម្ពុជា លោក Saud F.M Suwelim បាន​ឯកភាព​នឹង​សំណើ​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​រួមចំណែក​ជំរុញ​ឱ្យ​វិស័យ​ដ៏​សំខាន់​នេះ​បន្ត​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​។ ​ជាង​នេះ​ទៅ​ទៀត ថ្នាកដឹកនាំ​ក្រសួងទេសចរណ៍​បាន​ស្នើ​ទៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ក្នុង​កា​រត​ភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​នាវា​សមុទ្រ​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត​មក​កាន់​ក្រុងព្រះសីហនុ និង​ហួស​ទៅ​កំសាន្ត​នៅ​ទឹកដី​សៀមរាប​-​អង្គរ​ផង​ដែរ ។

​កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ ក្នុង​នោះ​លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ស្នើ​បន្ថែម​ទៅ​កាន់​លោក​ឯកអគ្គរាជទូត​អា​រ៉ាប់​ប៊ី​សា​អូឌីត ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត​មក​កាន់​កម្ពុជា ឬ​តាម​រយៈ​ការ​ឆ្លងកាត់​ប្រទេស​ជិតខាង​ណាមួយ​ក៏​បាន​។ ​លោក​ឯកអគ្គរាជទូត​អា​រ៉ាប់​ប៊ី​សា​អូឌីត​បាន​បញ្ជាក់​ថា ចំណុច​នេះ ខាង​ភាគី​អា​រ៉ាប់​ប៊ី​សា​អូឌីត​បាន​និង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ដើម្បី​ព​ន្លឿ​ន​ការ​ហោះហើរ​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត​មក​កម្ពុជា ដោយ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ហាណូយ​។ ​

លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា (Fam Trip) របស់​ក្រុម​អ្នក​សារព័ត៌មាន អ្នក​វិនិយោគ និង​ទេសចរ​មក​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត​មក​កាន់​កម្ពុជា ហើយ​កម្ពុជា​ក៏​សន្យា​ធ្វើ​បែប​នោះ​ដូច​គ្នា ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​លើ​វិស័យ​ទេសចរណ៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ក្រៅពី​នោះ ភាគី​កម្ពុជា​ក៏​បាន​ស្នើ​ឱ្យ​មានការ​ត​ភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​នាវា​សមុទ្រ​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត​មក​កាន់​ក្រុងព្រះសីហនុ នៃ​ប្រទេស​កម្ពុជា ដើម្បី​ទទួលយក​ដំណើរ​ទេសចរណ៍​បន្ថែម​នៅ​ទីនោះ​ផង និង​អាច​ហួស​មក​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ផង​។ ​

លោក​ឯកអគ្គរាជទូត Saud F.M Suwelim បាន​ទទួលយក​សំណើ​ទាំងនេះ ដើម្បី​លើក​ឡើង​ទៅ​កាន់​រាជរដ្ឋាភិបាល​របស់​លោក​បន្ត​ទៀត​។ ​ក្នុង​ន័យ​ទាក់ទាញ​ទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ឥ​ស្លា​ម​មក​កាន់​កម្ពុជា លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ជម្រាប​ប្រាប់​លោក Saud F.M Suwelim បន្ត​ទៀត​ថា កម្ពុជា​កំពុង​រៀបចំ​ឱ្យ​មាន​ម្ហូបអាហារ​ហា​ឡា​ល់ (Halal Food) សម្រាប់​ទទួល​ស្វាគមន៍ និង​បម្រើ​ដល់​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ឥ​ស្លា​ម ខណៈ​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស ដែល​ជាទី​ប៉ងប្រាថ្នា​របស់​ភ្ញៀវ​ទេសចរ​។

​សូម​បញ្ជាក់​ថា ចំពោះ​ការ​រៀបចំ​បង្កើត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ខាងលើ​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ចាត់ចែង​ក្រុមការងារ​តាម​នាយកដ្ឋាន​ជំនាញ សហការ​គ្នា​ធ្វើ​សេចក្ដី​ព្រាង​អនុស្សរណៈ ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជាមួយ​គ្នា នៅ​ពេល​មានដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ ឬ​ក្នុង​ពេល​សម​ស្រប​ណាមួយ​នា​ថ្ងៃ​ខាង​មុខ​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ