តើ​ឋានសួគ៌​ឋាន​និព្វាន​នៅឯណា ?


បើ​យើង​មិន​ទាន់​បាន​ប្រតិបត្តិ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា និង​មិន​ទាន់​ធ្វើ​ដំណើរ​តាម​មាគ៌ា​ដែល​ព្រះពុទ្ធ​ទ្រង់​បាន​សម្ដែង​ទេ នោះ​ព្រះ​និព្វាន​អាច​គ្រាន់តែ​ជា​ទស្សនៈ​ដ៏​លំបាក​ក្នុង​ការ​កាន់​យក ឬ​ឈ្វេងយល់​ណាស់​សម្រា​ប់​មនុស្ស​ទូទៅ វា​មិន​ខុស​ពី​ការ​ព្យាយាម​ពន្យល់​អំពី​ពណ៌​ដល់​មនុស្ស​ពិការ​ភ្នែក​នោះ​ទេ យ៉ាងណា​យើង​មិន​អាច​ពន្យល់​រៀបរាប់​ដោយ​សព្វគ្រប់​អំពី​ព្រះ​និព្វាន​ក៏​យ៉ាងនោះ​ដែរ ។

ទោះជា​យ៉ាងណា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ដោយ​សង្ខេប​ខ្លី​អំពី​ព្រះ​និព្វាន​ថា គឺជា​ការ​អវត្តមាន​នៃ​តណ្ហា និង​សេចក្ដី​ទុក្ខ​ទាំងឡាយ​។ អ្នក​សម្រេច​នូវ​ព្រះ​និព្វាន​គឺជា​បុគ្គល​ដែល​បាន​កម្ចាត់​បង់​នូវ​សេចក្ដី​លោភ (​លោភៈ​) សេចក្ដី​ក្រោធ (​ទោសៈ​) និង​សេចក្ដី​វង្វេង (​មោហៈ​) ។ ព្រះ​និព្វាន​ជាស​ភាព​នៃ​បរមសុខ​តែ​ម្យ៉ាង​គត់ ដោយ​មិន​មាន​បដិសន្ធិ​តទៅ​ទៀត​បាន​ឡើយ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ប្រាប់​យើង​នូវ​របៀប​កាត់​បន្ថយ និង​បញ្ចប់​នូវ​សេចក្ដី​លោភលន់ សេចក្ដី​ក្រោ​ធ​ខឹង និង​សេចក្ដី​វង្វេង​បន្តិច​ម្ដង​ៗ​នៅ​គ្រប់​ទម្រង់​ផ្សេង​ៗ​របស់​វា​។ រឿង​នេះ​អាច​ធ្វើ​ទៅ​បាន មាន​តែ​តាម​រយៈ​ការ​ចម្រើន​នូវ​សប្បុរសធម៌ សេចក្ដី​អាណិតអាសូរ ខន្តី និង​ករុណា​ធម៌ ធ្វើ​សីល សមាធិ​ឱ្យ​ប្រាកដ​ឡើង ។

ឆ្លងកាត់​ការ​ប្រតិបត្តិ​នូវ​ព្រះធម៌​ដោយ​ប្រពៃ គង់​មាន​បុគ្គល​ណាមួយ​អាច​សម្រេច​នូវ​សេចក្ដី​ស្ងប់ និង​សេចក្ដីសុខ​នៃ​ព្រះ​និព្វាន​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ​បាន ។ ចូរ​ព្យាយាម​ប្រតិបត្តិ​នូវ​ព្រះពុទ្ធ​វចនៈ​ក្នុង​ជីវិត​កំពុង​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ រឿង​ជាតិ​មុខ​ជាតិ​ក្រោយ​ជា​រឿង​ផ្សេង ព្រោះ​វា​ជា​រឿង​ដែល​យើង​ដឹង​មិន​ដល់ ។

ចូរ​សោយ​នូវ​សេចក្ដីសុខ​ក្នុង​ឋានសួគ៌ ខណៈ​ពេល​ដែល​អ្នក​នៅ​រស់​ហ្នឹង​ចុះ មិន​ចាំបាច់​រង់ចាំ​ដល់​ថ្ងៃ​ស្លាប់​នោះ​ទេ ឯ​រស​នៃ​ព្រះ​និព្វាន​ក៏​នៅ​ក្នុង​ជាតិ​នេះ​ដែរ​ឱ្យ​តែ​យើង​ប្រព្រឹត្ត​សប្បុរសធម៌​រឿយ​ៗ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ