គួរ​ឱ្យ​ស្ដាយ! ចាន់ វឌ្ឍនាកា គ្មាន​ឈ្មោះ​​​នៅ​​ក្នុង​ជំនួប​ប្រកួត​ជាមួយ​ក្រុម​អុ​ី​រ៉​ង់


រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ខ្សែប្រយុទ្ធ ឆ្នើម ចាន់ វឌ្ឍនាកា មិន​ត្រូវ​បាន​គេ​ដាក់​ក្នុង បញ្ជី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដើម្បី​ត្រៀម​ប្រកួត ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អ៊ីរ៉​ង់ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ នៃពានរង្វាន់ World Cup នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ ទេ ។ អវត្តមាន​របស់​កីឡាករ​រូបនេះ គឺ​បន្ទាប់​ពី​មាន​បញ្ហា​របួស​សន្លាក់​ជង្គង់ ក្នុង​ពេល​ដែល​រូបគេ​ប៉ះទង្គិច​ក្នុង​ជំនួប​ជាមួយ​ក្រុម​ណា​ហ្គា​វើ​ល​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រូបង្វឹក​និង​គណៈកម្មការ​មិន​ហា៑ន​ដាក់​ឲ្យ​ប្រកួត ។

យោង​តាម​ការ​បញ្ជាក់​មុន​ពេល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សម្រេច​មិន​ដាក់​ឈ្មោះ ចាន់ វ​ឌ្ឍ​នា ឲ្យ​ប្រកួត​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ៊ីរ៉​ង់​នេះ គឺ​ក្រុមការងារ​របស់​លោក Keisuke Honda ដែល​ជា​អ្នក​សម្រេច បាន​មក​សួរ​ពី​ស្ថានភាព​របួស របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ច្រើន​ដង​មក​ហើយ និង​មក​ពី​មានការ​បញ្ជាក់​ពី​សាមីខ្លួន​និង​ក្រុម​គ្រូ ពេទ្យ​ថា របួស​ដែល​កើតឡើង​មិន​អាច​ជា​ទាន់ ពេល ទើប​ឈាន​ដល់​ការ​សម្រេច​មិន​ដាក់​ឈ្មោះ​។

លោក បែ មក​រា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹង កេ​ត បាន​អះអាង​ថា ក្រុមការងារ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​មក​សួរ​លោក​ពាក់ព័ន្ធ នឹង​ស្ថានភាព​របួស សន្លាក់​ជង្គង់​របស់​កីឡាករ ចាន់ វឌ្ឍនាកា ។

ប្រសិនបើ ចាន់ វឌ្ឍនាកា មិន​ញាំញី​ដោយ​របួស​នោះ រូបគេ​អាច​នឹង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ​ដោយ​ស្វ័យប្រវត្តិ ។ ប៉ុន្តែ​បណ្ដាល​មក​ពីក្រោយ​ការ​សួរនាំ​បង្ហាញ​ពី​ស្ថានភាព​មិន​ប្រាកដប្រជា ស្របគ្នា​ដែល​ខាង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​ត្រូវការ​ស្រង់​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​ជាបឋម​ទាំង​២៦​រូប ក្នុង​ជំនួប​ជាមួយ​ក្រុង​អ៊ី​រ៉​ង់ និង អ៊ី​រ៉ា​ក់ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ពានរង្វាន់ World Cup ពី​ចម្ងាយ ។

ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​អ៊ី​រ៉​ង់​នៅ​ថ្ងៃ​ទី​១០ ខែតុលា មុន​ទទួលភ្ញៀវ​អ៊ីរ៉ា​ក់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្សែប្រយុទ្ធ ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវ​គេ​ដឹង​ថា​អវត្តមាន​ពី ក្នុង​ក្រុម​ជម្រើសជាតិ ក្រោម​ការ​ដឹកនាំ​របស់ លោក Keisuke Honda ដែល​មាន​លោក Filex Dalmas ជា​គ្រូបង្វឹក​សម្រាប់​វគ្គ​ជម្រុះ World Cup 2022 ។

ប៉ុន្តែ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម ជម្រើសជាតិ ដែល​សហព័ន្ធ​បាន​បង្ហាញ​កាលពី ថ្ងៃ​ទី​២៦ ខែកញ្ញា​កន្លង​ទៅ ក៏​មាន​វត្តមានកីឡាករ​ប្រាក់ មុន្នី​ឧត្តម និង ធា​រី ច​ន្ថា​ប៊ី​ន ដែល​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មានការ​រំពឹង​ផង​ដែរ ។

លោក បែ មក​រា ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ស្ថានភាព​របួស​សន្លាក់​ជង្គង់ ដោយ​មាន​ប្រេះ​ឆ្អឹង និង​ទឹក​ដក់​ក្នុង​សន្លាក់​របស់​កីឡា​ករ ចាន់ វឌ្ឍនាកា អាច​ចំណាយពេល​ពី​២​ទៅ​៣​សប្តាហ៍​ក្នុង​ការ​ព្យាបាល ។ ប៉ុន្តែ វឌ្ឍនាកា អាច​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បាន ហើយ
ក្នុង​​ប៉ុន្មាន​ថ្ងៃក្រោយ ដោយ​គ្រាន់តែ​មិន​ទាន់​ជា​សះស្បើយ​១០០​ភាគរយ ។

អ្នកចាត់ការ​ទូទៅ រូប​នេះ​សង្ឃឹមថា ស្ថានភាព​របួស​របស់ វឌ្ឍនាកា នឹង​អាច​ជា​សះស្បើយ​១០០​ភាគរយ មុន​ពេល​ក្រុម​បឹង​កេ​ត​ប៉ះ​ក្រុម​ព្រះខ័នរាជ្យ​ស្វាយ​រៀង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន់រង្វាន់​សម្តេច ហ៊ុន សែន នា​ដើម ខែវិច្ឆិកា ខាង​មុខ ។

គួរ​បញ្ជាក់​ថា របួស​កីឡាករ ចាន់ វឌ្ឍនាកា កើតឡើង​ក្រោយ​ពេល​ប៉ះទង្គិច​ជាមួយ​កីឡាករ​​ក្រុម​ណា​ហ្គា​វើ​ល ក្នុង​ជំនួប​រវាង​ក្រុម​បឹង​កេ​ត​ជាមួយ​ក្រុម​ណា​ហ្គា​វើ​ល ក្នុង​ពានរង្វាន់​ក្រប​ខណ្ឌ មិត្ត​ហ្វូ​ន ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ថ្ងៃ​ទី​២២ ខែ កញ្ញា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រ​វ៉េ ។ ខ្សែប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​ប្តូរ​ចេញ​ភ្លាម​ៗ​ក្រោយ​ពី​ទាត់ បាល់​ពិន័យ​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ ក្រុម​បឹង​កេ​ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ