ពុទ្ធោ! បាតុកម្ម​​​ត្រឹម​៥​ថ្ងៃ​ ស្លាប់់​ជិត​១០០​នាក់ និង​​របួស​៤០០០​នាក់


ប្រទេស​អ៊ី​រ៉ា​ក់ ៖ ពលរដ្ឋ​អ៊ី​រ៉ា​ក់​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៥​តុលា បាន​បន្ត​លើកគ្នា​ដើរ​ហែ​ក្បួន​បាតុ​កម្ម​តាម​ដង​វិ​ថី​ដើម្បី​ទាមទារ​ជា​ថ្មី​ការ​ចាកចេញ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ចោទប្រកាន់​ថា​ពុក​រលួយ​។ មក​ដល់​ថ្ងៃ​ទី​៥​នៃ​ការ​តវ៉ា​មនុស្ស​ជិត​១០០​នាក់​បាន​ត្រូវ​ស្លាប់​និង​យ៉ាងតិច​៤០០០​នាក់​រង​របួស​។ បាតុករ​ភាគច្រើន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង នេះ​បើ​តាម​ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​ដែល​​គូសបញ្ជាក់​នា​ពេល​មុន​នេះ​ថា ប៉ូលិស​៦​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​រហូត​មក​ទល់​ពេល​នេះ​។

ស្នូរ​កាំភ្លើង​ត្រូវ​បាន​លាន់ឮ​នា​ថ្ងៃ​ទី​៥​តុលា​នៅ​ក្រុង​បា​ដា​ដ​រដ្ឋធានី​អ៊ី​រ៉ា​ក់​និង​ក្នុង​ទីក្រុង​ដទៃ​ៗ​ទៀត នា​ភាគ​ខាងត្បូង​ប្រទេស​។ នៅ​ក្រុង​បា​ដា​ដ​ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​TAHRIR កណ្ដាល​រដ្ឋធានី​។ ចំណែក​បាតុករ​ច្រើន​ពាន់​នាក់​ទៀត​បាន​លើកគ្នា​តវ៉ា​នៅ​ទីក្រុង​ឌី​វ៉ា​នី​យ៉ា​និង​ក្រុង​ណា​ស៊ី​រី​យ៉ា​នា​ភាគ​ខាងត្បូង​ប្រទេស​។

តាម​ការ​អំពាវនាវ​តាម​បណ្ដាញ​សង្គម ចលនា​តវ៉ា​រីក​កាន់តែ​ធំ​ប្រឆាំង​អំពើ​ពុក​រលួយ ភាព​ឥត​ការងារ​ធ្វើ​និង​ភាព​អសកម្ម​នៃ​បណ្ដា​សេវាកម្ម​សាធារណៈ ក្នុង​ប្រទេស​ដែល​ទើប​ចាក​ផុត​មិន​ដល់​២​ឆ្នាំ​ផង​ពី​ជម្លោះ​ជិត​៤​ទស​វត្ស​។ ប្រទេស​ជួប​ប្រទះ​ការ​ខ្វះខាត​អគ្គិសនី​និង​ទឹក​ស្អាត​រ៉ាំរ៉ៃ​។ បាតុ​កម្ម​ទាំងនោះ​គឺជា​ការ​សាកល្បង​ដំបូង សម្រាប់​រដ្ឋាភិបាល​របស់​នាយ​រដ្ឋមន្ត្រី​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី ដែល​បង្កើត​ឡើង​ទើបបាន​មិន​ដល់​១​ឆ្នាំ​ពេញ​ផង​។

អ​.​ស​.​ប​នា​ថ្ងៃ​ទី​៥​តុលា​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​អ៊ី​រ៉ា​ក់ ដែល​ក្នុង​ចំណោម​អ្នក​ស្លាប់​ភាគច្រើន​ជា​ពួក​បាតុករ​។ នា​រសៀល​និង​យប់​ថ្ងៃ​ទី​៥​តុលា កងកម្លាំង​សន្តិសុខ​បាន​បំបែកពួក​បាតុករ​នៅ​ភាគ​ខាងកើត​រដ្ឋធានី ដែល​នៅ​ទីនោះ​ពួក​បាតុករ ប្រឈម​មុខ​នឹង​ការ​បាញ់​គ្រាប់​ពិត​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

នៅ​ភាគ​ខាងត្បូង​ប្រទេស ពួក​អ្នក​តវ៉ា​បាន​ដុត​ទីស្នាក់ការ​របស់​គណប​ក្ស​នយោបាយ​៦ នៅ​ទីក្រុង​ណា​ស៊ី​រី​យ៉ា​ហើយ​មនុស្ស​ច្រើន​ពាន់​នាក់ ហែ​ក្បួន​តាម​ដង​វិ​ថី​នៃ​ទីក្រុង​ឌី​វ៉ា​នី​យ៉ា ដែល​នៅ​ទីនោះ​មាន​ស្នូរ​កាំភ្លើង​ជា​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ