ម្ចាស់​រថយន្ត​ត្រូវ​ហូរ​ឈាម​ប្រឡាក់​ពេញ និង​រថយន្ត​ខ្ទេច​ទៀត


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ពីរ​នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដេញ​តាម​ពីក្រោយ​ក្មេង​ស្ទាវ​មួយ​ក្រុម ជិះ​ម៉ូតូ​៧​ទៅ​៨​គ្រឿង រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក និង​បង្គោល​ថ្ម​មួយ​ដើម ហើយ​ក៏​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​នាំ​គ្នា​យក​ដំ​ថ្ម​វាយ​កម្ទេច​រថយន្ត និង​អ្នកបើកបរ​រថយន្ត បណ្តាល​ឲ្យ​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៧ ខែតុលា​នេះ ត្រង់​ចំណុច​ក្បែរ​ស្ពាន​អាកាស​៥​មក​រា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩​កែង និង​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡុ​ច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8533 ។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​បាន​បើក​ដេញ​តាម​ពីក្រោយ​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​ជិះ​ម៉ូតូ​៧​ទៅ​៨​គ្រឿង​មិន​ចាំ​ម៉ាក ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក្រុម​ក្មេង​ស្ទាវ​ក៏​បាន​នាំ​គ្នា​បើក​ម៉ូតូ​បត់​ឆ្វេង​ចូល​ទៅ​ក្នុង​ផ្លូវ​បេតុង​ដែល​នៅ​អម និង​រថភ្លើង ខណៈ​ពេល​នោះ​រថយន្ត​ខាងលើ​ក៏​បាន​បត់​ឆ្វេង​ទៅ​តាម​ពីក្រោយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ រួច​ក៏​ជ្រុល​ទៅ​បុក និង​បង្គោល​ថ្ម​មួយ​ដើម​ដែល​នៅ​ជាប់​នឹង​ផ្លូវ​រថភ្លើង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត និង​បែក​កង់​ខាង​មុខ​ចំហៀង​ខាងស្តាំ ។

ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ព្យាយាម​ថយ​រថយន្ត​មក​ខាងក្រោយ​វិញ បំណង​បើក​គេច​ចេញពី​កន្លែង​កើតហេតុ ។ ប៉ុន្តែ​ខណៈ​ពេល​ដែល​រថយន្តរ​យ៊ែ​រ​ថយក្រោយ​បាន​បន្តិច ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​នោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ។ ហើយ​ក៏​បាន​នាំ​គ្នា​រើស​ដុំ​ថ្មយក​ទៅ​វាយ​កម្ទេច​រថយន្ត​ខាងលើ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែក​កញ្ចក់ និង​ក្រពឹត​តួរ​រថយន្ត​ស្ទើរ​ទាំងស្រុង ។ និង​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​បែក​ឈាម​ហូរ​ប្រឡាក់​ពេញ​រថយន្ត ។

ក្រោយមក​ក្រុម​ក្មេង​ស្ទាវ​ក៏​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពី​កន្លែង​បាត់​ស្រមោល​ភ្លាម​ៗ បន្ទាប់​ពី​បាន​បង្ក​ជា​ហិង្សា​ខាងលើ ។ ចំណែកឯ​បុរស​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​មិត្តភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯ​គ្លីនិក​ឯកជន​បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ ហើយ​ក៏​បាន​យក​រថយន្ត​ដែល​ខូចខាត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ម្ចាស់​មក​ធ្វើការ​ដាក់​ពាក្យបន្តឹង និង​ទទួលយក​ត្រឡប់​ទៅ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ