បុរស​ជា​អតីត​ទាហាន​ខ្មែរក្រហមម្នាក់​អារ.កប្រពន្ធ និងកាប់ក្បាលយ៉ាង​សាហាវ


ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ជា​អតីត​ទាហាន​ខ្មែរក្រហម បាន​យក​កណ្តៀវ​អា​រកប្រពន្ធ និង​យក​កាំបិត​ផ្គាក់​មក​កាប់​ត្រូវ​ក្បាល​បន្ថែម​ទៀត បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ផ្ទះ​ឈើ​តំបន់​ដាច់​ស្រយាល ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ដើរ​តម្រង់​មក​រថយន្ត​របស់​សមត្ថកិច្ច ព្រមទាំង​កាប់​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ភ្លាម​ៗ​នោះ ក្រុម​សមត្ថកិច្ច​បាន​ស្ទុះ​ចូល​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

ហេតុ​ការ​ណ៏​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៩ នៅ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឆ​យ ឈឿ​ន អាយុ​៥២​ឆ្នាំ ជា​អតីត​ទាហាន​ខ្មែរក្រហម ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ ខាន់ តូច អាយុ​៥៤​ឆ្នាំ ។ គ្រួសារ​នេះ​មានកូន​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​មន្ត្រី​នគរបាល​ម្នាក់​ដែល​រង​របួសធ្ងន់​ឈ្មោះ​ឆេ ឡា​ង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​នាយ​រង​ប៉ុ​ស្តិ៍​ទួល​ស្នួល ។

លោក​វរ​សេនី​យ៍​ទោ វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​១​ថ្ងៃ ស្ត្រី​ជា​ប្រពន្ធ​បា​នាំ​បុរស​ជា​ប្តី​ដែល​មាន​អារ​ម្ម​ណ៏​រវើរវាយ​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ​ចេញ គ្រាន់តែ​ម៉ូតូ​ជិះ​ទៅ​ជិត​ដល់​វត្ត​នោះ ស្រាប់តែ​បុរស​ជា​បាន​ឈប់​ម៉ូតូ​មិន​ព្រម​ចូល​វត្ត​ដើម្បី​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ឲ្យ​នោះ​ទេ រួច​បាន​ត្រឡប់​មក​ផ្ទះ​វិញ លុះ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៩ ក៏​មាន​កើតហេតុ​បែប​នេះ​តែ​ម្តង​។

អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ស្រុក​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ស្នួល​ចុះ​ទៅ​កាន់​ផ្ទះ​កើតហេតុ​ជា​បន្ទាន់ និង​ឃើញ​បុរស​ជា​ឃាតករ​នៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​បុរស​ជា​ឃាតករ​បាន​ដើរ​តម្រង់​មក​រក​ថ​យន្ត​របស់​សមត្ថកិច្ច ដោយ​បាន​កាប់​ត្រូវ​មន្ត្រី​នគរបាល​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។

លោក​អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​បន្ត​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ស្ទុះ​ទៅ​ចាប់​បុរស​ជា​ឃាតករ​ជាប់ ខណៈ​ពេល​បំរុង​កាប់​បន្ថែម​១​កាំបិត​ទៀត ក៏​​ត្រូវសមត្ថកិច្ច​​ចាប់​ក្រៀក​ជាប់​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន បុរស​ជា​ឃាតករ​បាន​ឆ្លើយ​សារភាព​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៦ តុលា ខ្លួន​ចេះ​តែ​រវើរវាយ​ឃើញ​គេ​មក​រករឿង ពេល​នោះ​ខ្លួន​ក៏​បាន​យក​កាំបិត​ផ្គាក់​ចុះ​មក​ដី តែ​ប្រពន្ធ​បាន​ឃាត់​មិន​ឲ្យ​ចុះ​មក​ដី ហើយ​បាន​ទាញ​ទ្វារ​បិទ ។

បុរស​ជា​ឃាតករ​បាន​ឆ្លើយ​សារភាព​បន្ត​ថា បន្ទាប់​មក​ប្រពន្ធ​ក៏​បាន​យក​កាំបិត​ផ្គាក់​ពី​ខ្លួន​បោះ​មក​ដី រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៤​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៦​តុលា ២០១៩ ខ្លួន​ក៏​ខឹង ហើយ​ចាប់​ប្រពន្ធ​ក្រៀក​ក រួច​យក​កណ្តៀវ​មក​អា​រក និង​បាន​ផ្តួល​ទៅ​លើ​រនាប​ផ្ទះ ពេល​ឃើញ​ប្រពន្ធ​មិន​ទាន់​ស្លាប់ ខ្លួន​ក៏​បាន​យក​កាំបិត​ផ្គាក់​មក​កាប់​បន្ថែម​ត្រូវ​ក្បាល​១​កា​បិត​ទៀត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង ។

បុរស​ជា​ឃាតករ​បាន​ឆ្លើយ​សារភាព​បន្ត​ទៀត​ថា បន្ទាប់​ពី​កាប់​ប្រពន្ធ​ស្លាប់​រួច​ហើយ ខ្លួន​ក៏​បាន​យក​កាំបិត​ចុះ​មក​ដី​ដើរទៅ​ដើរមក​តាម​ផ្លូវ និង​បាន​ដើរ​ចូល​មក​ផ្ទះ​វិញ លុះ​ឡើង​មក​លើ​ផ្ទះ​ឃើញ​ក្មួយ​ខាង​ប្រពន្ធ​ឈ្មោះ ខាន់ រស្មី កំពុង​តែ​លើក​មីង (​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​) ឡើង ខ្លួន​ក៏​កាប់​ត្រូវ​១​កាំបិត​ទៀត ហើយ​បាន​លោត​ចុះពីលើផ្ទះ​ដើម្បី​រត់គេច​ខ្លួន ។ បន្ទាប់​មក​ទៀត​ក៏​បានឃើញ​រថយន្ត​របស់​សមត្ថកិច្ច​បាន​មក​ដល់ និង​នាំ​គ្នា​ចេញពី​រថយន្ត ពេល​នោះ​ខ្លួន​បាន​ទាញ​កាំបិត​ស្ទុះ​ទៅ​កាប់ និង​មានការ​ប្រតាយប្រតប់​គ្នា​ជាមួយ​សមត្ថកិច្ច​ទៀត ទើបត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​ឃើញ​មាន​ស្នាម​អា​រក និង​កាប់​ត្រូវ​ក្បាល បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នា​ព្រឹក​ថ្ងែ​ទី​៧ តុលា បុរស​ជា​ឃាតករ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្ប​ាប់​។ ចំណែក​លោកនាយ​រង​ប៉ុស្តិ៍​ទួល​ស្នួល ដែល​រង​របួសធ្ងន់ ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តម​សេនី​យ៍ទោ បែន រ័​ត្ន ស្នងការ​នគរ​ន​បាល​ខេត្ត ហើយ​ក្នុង​ពេល​ស្នាក់​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក​ទេស​រដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា បាន​ជួយ​ចេញថ្លៃ​ព្យាបាល​រួម​នឹង​ការ​ស្នាក់​នៅ​សព្វបែបយ៉ាង​ផងដែរ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ