ព័ត៌មាន​បន្ថែម​ករណី​ចិន​បាញ់​សម្លាប់​គ្នា


ខេត្ត​ព្រះ​សីហ​នុ ៖ ការ​បាញ់​សម្លាប់​គ្នា​របស់​ជនជាតិ​ចិន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​ព្រឹកថ្ងៃ​ទី​៦ ខែ
តុលា ហើយ​ត្រូវ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់ខ្លួន​បាន​ជនសង្ស័យប្រុស-​ស្រី​២​នាក់ និង​
ជន​សង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន នៅ​ចំណុច​រង្វង់​មូល​តោ​២ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសី​ហនុ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Du Qiang ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លិខិតឆ្លងដែន​គ្មាន និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ Chen Mi Xiang ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក KTV លិខិតឆ្លងដែន​គ្មាន ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះ​សីហនុ ។

ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​បាញ់​សម្លាប់​ឈ្មោះ Wu Qingwei ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវ​បាញ់​ចំនួន​២​គ្រាប់ មួយ​គ្រាប់​ចំ​កំភួនជើង​ស្តាំ​ធ្លាយ និង​មួយ​គ្រាប់​ទៀត​ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ ។ វត្ថុ​តាង​ដែល​ចាប់​បាន​រួម​មាន សម្បក​គ្រាប់ចំនួន​២ ប្រភេទ​៩​មី​ល្លី​ម៉ែត្រ​នៅ​ក្នុង​រថយន្ត គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ប្រភេទ​៩​មី​ល្លី​ម៉ែត្រ​នៅ​ក្នុង​រថយន្ត ម្សៅ​ក្រាម​ពណ៌​ស​២​កញ្ចប់​តូច​សង្ស័យ​ជា​សារធាតុ​ញៀន​នៅ​ក្នុង​រថយន្ត រថយន្ត​ម៉ាក មី​ត​សុ​៊​យ​ប៊ី​សុ​ី ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ២AJ-៨៦៥៣ ។

តាម​ចម្លើយ​សារភាព​បឋម​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ខែតុលា វេលា​ម៉ោង​ប្រមាណ​១១
​និង​៥០​នាទី​យប់ ពួក​គេ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ហាង​លក់​ខោអាវ​យីហោ​ហូ​លី​វូ​ដ មា​ន​ទី​តាំងនៅ​មហោស្រព​ចាស់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២​ក្រុងព្រះសីហនុ ដោយ​ចាប់​រង​គ្រោះជា​ជន​ជាតិ​ចិន ភេទ​ស្រី ចងដៃ​មក​ខាងក្រោយ​ដោយ​ប្រើ​ខ្សែរឹត​(​ស៊ី​ល​) និង​យក​ខ្សែក្រវាត់​ព្រមទាំង​ក្រណាត់​​ទៅ​ចង​មាត់​កុំឱ្យ​ស្រែក រួច​យក​ទៅ​ឃុំ​ទុក​នៅ​ជាន់​ទី​៣ ប្លន់​បាន​លុយ​ចំនួន​២.០០០​ដុល្លារ​រួច​គេចខ្លួន ។

ពួក​គេ​សារភាព​ទៀត​ថា នៅ​ថ្ងៃ​ទី​៦ ខែតុលា វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី ពួក​គេ៣​នាក់​ដដែល​បាន​ណាត់​ជនជាតិ​ចិន​ម្នាក់​(​ជន​រង​គ្រោះ​ដែល​សម្លាប់​) មក​ជួប​ក្នុង​គោលបំណង​ចាប់ជំរិត ។ លុះ​ពេល​ជន​រង​គ្រោះ​ចូល​ដល់​ក្នុង​រថយន្ត ពួក​គេ​យក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​មិន​ឱ្យ​បម្រះ តែ​ដោយ​ជន​រង​គ្រោះ​រើបម្រះ​ខ្លាំង​ពេក​ពួក​គេ​ក៏​បាញ់​១​គ្រាប់​ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ ។​

ពេល​នោះ​ជន​រង​គ្រោះ​រឹតតែ​រើបម្រះ​ខ្លាំង​ឡើង​ទៀត ទើប​ពួក​គេ​បាញ់​១​គ្រាប់​ទៀត​ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ​បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​រថយន្ត ។ បន្ទាប់​មក ពួក​គេ​បាន​ទម្លាក់​សព​ជន​រង​គ្រោះ​ចោល​តាម​ផ្លូវ រួច​បើករថយន្ត​គេចខ្លួន​ដល់​ផ្លូវ​ចូល​វត្ត​ក្រោម ក៏​ប្លុង​រថយន្ត​ចោល​នៅ​ទីនោះ រួច​ចែកផ្លូវ​គ្នា​រត់គេច​រៀង​ៗ​ខ្លួន តែ​រត់​មិន​រួច​ក៏​ត្រូវ​ចាប់ខ្លួន​បាន ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ក្រុម​ជនប្រដាប់អាវុធ​ជា​ក្រុម​ប្លន់​និង​ចាប់ជំរិត ។ ចំពោះ​ករណី​នេះ កម្លាំង​​នគរបាល​ខេត្ត​កំពុង​តាម​រក​ចាប់ខ្លួន​បក្ខពួក និង​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ