តោះ​! មក​ដឹង​ពី​មេរៀន​សំខាន់​ដែល​ក្រុមហ៊ុន​មធ្យោបាយ​ធ្វើ​ដំណើរ​ចែករំលែក


ក្រុមហ៊ុន​ចែករំលែក​មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​ជា Uber និង Grab បាន​ផ្លាស់​ប្តូរ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក រហូត​ស្ទើរតែ​លុប​បំបាត់​វិស័យ​រត់​តាក់ស៊ី​ទាំងស្រុង​ទៅ​ហើយ ។ កាលពី​ឆ្នាំ ២០១៨ មនុស្ស​បាន​ប្រើប្រាស់​សេវា​ទាំងនេះ​ដល់​ទៅ ២២ ប៊ី​លាន​ដង ហើយ​ចំនួន​នេះ​នឹង​កើន​ដល់ ២៨ ប៊ី​លាន​ដង​ក្នុង​ឆ្នាំ ២០១៩ ផង​ដែរ នេះ​បើ​យោង​តាម ABI Research ។

ប៉ុន្តែ​ទោះជា​មាន​តម្រូវការ​ខ្ពស់​យ៉ាងណា Aparajita Saxena ដែល​មក​ពី Entrepreneur.com បាន​និយាយ​ថា ក្រុមហ៊ុន​ដែ​ផ្គត់ផ្គង់​សេវា​ទាំងនោះ​មិន​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ទេ ។ ផ្ទុយ​មក​វិញ​Uber ដែល​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​ក្នុង​វិស័យ​នេះ​បាន​និយាយ​ថា​ពួក​គេ​ប្រហែលជា​មិន​អាច​រក​ប្រាក់​ចំណេញ​ទៀត​ទេ​ក្នុង​ពេល​អនាគត ។

ការ​ប្រកួតប្រជែង​ដណ្តើម​ភ្ញៀវ និង​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើន​គុណភាព​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​បន្ទាប​តម្លៃ​បន្តិច​ម្តង​ៗ​ដែល​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ ខណៈ​ដែល​តម្លៃ​ប្រេង​កំពុង​តែ​កើនឡើង​ជុំវិញ​ពិភពលោក​ជាដើម ។

ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​ក្នុង​វិស័យ​នេះ ជា​ពិសេស​ក្នុង​ទ្វីបអាស៊ី បាន​ចាប់ផ្តើម​បង្កើត​ជា Superapps ដែល​ជាទី​ផ្សារ​អន​ឡាញ​សម្រាប់​សេវាកម្ម​ផ្សេង​ៗ ។ បើ​និយាយ​ឲ្យ​ងាយស្រួល​យល់​ទៅ ក្រុមហ៊ុន​ទាំងនេះ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​អ្នក​អាច​ប្រើ​សេវា​ខុស​ៗ​គ្នា​ជា​ច្រើន​ដូច​ជា​ស្វែងរក​មធ្យោបាយ​ដឹក​ជញ្ជូន សេវា​ទិញ និង​កុម្ម៉ង់​ម្ហូបអាហារ សេវា​ទិញ​ថ្នាំ សេវា​វេរ​លុយ ការ​លេង​ហ្គេ​ម ឬ​ការ​មើល​កុន​តាម​ទូរស័ព្ទ​ជាដើម ។

ឧទាហរណ៍​ដូច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល Grab គ្រប់គ្រង​ទីផ្សារ​បាន ៦៤% មាន​ផ្តល់​សេវាកម្ម GrabExpress, GrabFood, GrabFresh, GrabPay និង GrabFinancial ដើម្បី​រក​ប្រភព​ចំណូល​ឲ្យ​ទៅ​ក្រុមហ៊ុន​ខណៈ​ដែល​ពួក​គេ​មិន​អាច​ចំណេញ​តែ​ពី​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ Superapps ទាំងនេះ​ជោគជ័យ គឺ​ព្រោះតែ​មនុស្ស​ចាប់ផ្តើម​ផ្តល់​អាទិភាព​លើ​អ្វី​ដែល​ផ្តល់​ភាព​ងាយស្រួល និង​កាត់​បន្ថយ​ការ​ចំណាយ ។ ប្រាកដ​ណាស់ អតិថិជន​អាច​ប្រើ​កម្មវិធី​តែ​មួយ​ដើម្បី​ប្រើ​សេវា​ខុស​ៗ​គ្នា​ដូច្នេះ​ពួក​គេ​អាច​សន្សំ​សំចៃ​ពេលវេលា​បាន​ច្រើន ។ លើស​ពី​នេះ​ទៅ​ទៀត ការ​លក់​ផលិតផល ឬ​ផ្គត់ផ្គង់​សេវាកម្ម​ខុស​ៗ​គ្នា​លើ​ប្រព័ន្ធ​តែ​មួយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាត់​បន្ថយ​ការ​ចំណាយ និង​អាច​លក់​ផលិតផល​ក្នុង​តម្លៃ​ទាប​ជាង​ដៃគូ​ប្រកួតប្រជែង ។

មេរៀន​ដែល​អាជីវករ​អាច​រៀន​ពី​និន្នាការ​នេះ​គឺ​ភាព​ងាយស្រួល និង​ការ​សន្សំ​សំចៃ​នៅ​តែ​ជា​កត្តា​ដែល​អាច​ទាក់ទាញ​អតិថិជន​ក្នុង​សម័យកាល​នេះ ។ ហើយ​ពេល​ខ្លះ​ទៀត ក្រុមហ៊ុន​ត្រូវ​តែ​លះបង់ ឬ​ខាត​ថវិកា​ក្នុង​អាជីវកម្ម​មួយ​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ប្រើប្រាស់​សេវា​ដទៃ​របស់​ខ្លួន និង​ជំរុញ​ដល់​ប្រាក់​ចំណូល​ក្នុង​អាជីវកម្ម​មួយ​ផ្នែក​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ