អ្នក​គួរ​តែ​បញ្ឈប់​ទម្លាប់​ពេល​ព្រឹក​ទាំង​នេះ​ភ្លាម បើ​មិន​ចង់​ធាត់​ជ្រុលទេ


អ្នក​ឈប់​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​មិនល្អ និង​ជាតិ​ផ្អែម​យូរហើយ​, អ្នក​តែង​ហាត់ប្រាណ​ទៀងទាត់ ហើយ​អ្នក​ក៏​បាន​ព្យាយាម​ខ្លាំង​មែនទែន​ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​វា​ហាក់ដូចជា​មិន​បាន​ផល​ល្អ​សោះ​។​តាម​ពិត​ទៅ មនុស្ស​ភាគច្រើន​មិន​បាន​គិតដល់​ទេ​ថា​ទម្លាប់​ធម្មតា​មួយ​ចំនួន​នៅ​ពេល​ព្រឹក គឺជា​ដើមហេតុ​ដែល​រារាំង​យ​ពួក​គេ​មិន​ឱ្យ​ទទួល​បាន​នូវ​រូបរាង​ស្រស់​ស្អាត​ដូច​បំណង​។ ខាងក្រោម​វេ​ប​សាយ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ពេល​ព្រឹក​ចំនួន ៥ ដែល​អ្នក​គួរ​បោះបង់​ចោល​ភ្លាម ប្រសិនបើ​ចង់​រក្សា​បាន​នូវ​រាង​ស្លី​ម​ស្រស់​ស្អាត ៖

១. គេង​ច្រើន​ពេក ៖ ជាមួយនឹង​ការ​គេង​បាន​តិច​ពេក​នោះ​រាង​កាយ​របស់​អ្នក គឺ​ងាយ​នឹង​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol ដែល​បង្កើន​ចំណង់​អាហារ​។ ទោះជា​យ៉ាងណា ការ​គេង​ច្រើន​ពេក​ក៏​ប្រហែលជា​មិន​ប្រសើរ​អ្វី​ដែរ​ចំពោះ​អ្នក​។ យោង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្តី​វេជ្ជ​សា​ស្ត្ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក PLOS One បានឱ្យ​ដឹង​ថា ការ​គេង​លើស​ពី ១០ ម៉ោង​ក្នុង​មួយ​យប់​អាច​បណ្ដាល​ឱ្យ​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​ហើយ​ទើប​អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ណែនាំ​ឱ្យ​គេង​ត្រឹម​ពី ៧ ទៅ ៩ ម៉ោង រាល់​យប់​។

២. គេច​មិន​ត្រូវ​ពន្លឺព្រះអាទិត្យ​ពេល​ព្រឹក ៖ ចូរ​បើក​វាំងនន ឬ​បង្អួច​ភ្លាម​បន្ទាប់​ពី​ក្រោក​ឡើង​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក PLOS One បាន​រក​ឃើញ​ថា រលក​ពន្លឺ​ពណ៌​ខៀវ​នៃ​ព្រះអាទិត្យ​ពេល​ព្រឹក​ព្រលឹម​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​ដាស់​រាង​កាយ​ឱ្យ​ភ្ញាក់​ស្វាង​។ ត្រឹម​រយៈពេល​ពី ២០ ទៅ ៣០ នាទី នៃ​ពន្លឺ​ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ផ្ដល់​ឥទ្ធិពល​លើស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ​។

៣. មិន​រៀបចំ​កន្លែង​គេង ៖ ស្ដាប់​ទៅ​ហាក់ដូចជា​ចម្លែក​បន្តិច ប៉ុន្តែ​វា​ជា​ការ​ពិត​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​អ្នកជំនាញ​ខាង​ផ្នែក​ដំណេក​របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា អ្នក​ដែល​រៀបចំ​កន្លែង​គេង​ស្អាត​ត្រឹមត្រូវ​អាច​គេង​លក់​បាន​ស្កប់​ពេញលេញ​។ ហើយ​ការ​គេង​បាន​ស្កប់​គ្រប់គ្រាន់ គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ឆ្ពោះទៅ​រក​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​សាក​សម។

៤. ភ្លេច​ថ្លឹង​ទម្ងន់​ខ្លួនឯង ៖ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​មក​ពី​សកល​វិទ្យាល័យ Cornell University ក្នុង​ទីក្រុង​ញ៉ូ​វយ​កបាន​បង្ហាញ​ថា ការ​ថ្លឹង​ទម្ងន់​ជា​ប្រចាំ គឺជា​តិច​និក​ដ៏​ប្រសើរ​ដែល​ជួយ​លើ​ក​ទឹក​ចិត្ត ឬ​ជម្រុញ​ដល់​ការ​សម្រក​ទម្ងន់​។ ហើយ​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ថ្លឹង​ទម្ងន់​នោះ គឺ​ពេល​ព្រឹក​មុន​ពេល​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​អ្វី​។ នោះ​ក៏​ព្រោះតែ​អ្នក​បាត់បង់​ទម្ងន់​នៃ​ជាតិ​ទឹក​ពេញ​មួយ​យប់ ដូច្នេះ​អ្នក​នឹង​ទទួល​បាន​ទម្ងន់​ត្រឹមត្រូវ​បំផុត ប្រសិនបើ​ថ្លឹង​នៅ​ពេល​ព្រឹក​។

៥. ទទួលទាន​អាហារ​ពេល​ព្រឹក​តិច​ពេក ៖ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សកល​វិទ្យាល័យ Tel Aviv University អ៊ី​ស្រា​អែ​ល​បាន​បង្ហាញ​ថា អ្នក​គួរតែ​ទទួលទាន​អាហារ​ពេល​ព្រឹក​ឆ្ងាញ់​ៗ​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​។ ហើយ​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព គឺ​មាន​ផ្ទុក ៦០០ កាឡូរី​នៃ​ជាតិ​ប្រូតេអ៊ីន​, កាបូ​អ៊ី​ដ្រា​ត និង​បង្អែម​ខ្លះ​ដែល​នឹង​ធ្វើ​ឱ្យ​ងាយស្រួល​ក្នុង​ការ​តាមដាន ឬ​អនុវត្តន៍​តាម​ផែនការ​នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ