កឋិន​ពុំ​មែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​ចង់​នោះ​ឡើយ


កឋិន​ជា​កាល​ទាន​ដ៏​ពិសេស​មាន​កំណត់​ពេលវេលា​ច្បាស់លាស់​គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក​មាន​រយៈពេល​២៩​ថ្ងៃ​គត់ ពុំ​មែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​ចង់​នោះ​ឡើយ និង​កើត​មាន​តែ​ព្រះពុទ្ធ​សាសនា​មួយ​ប៉ុណ្ណោះ ។

បើ​ខុស​ពី​រដូវ​កាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏​ដោយ ក៏​មិន​អាច​ហៅ​ថា កឋិនទាន​បាន​ដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន មិន​ចំ​សម័យកាល ពោល​គឺ​មិន​ត្រូវ តាម​ពុទ្ធានុញ្ញាត ។ ក្នុង​វត្ត​មួយ​បើ​ការ​ចាំ​វស្សា គ្មាន​ភិក្ខុ​សោះ ក៏​មិន​អាច​ហែ​កឋិន​ចូល​បាន​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាង​ហោច​បំផុត​ក៏​ត្រូវ​មាន​ភិក្ខុ​១​អង្គ​ដែរ ហើយ​ភិក្ខុ​អង្គ​នោះ​បាន​ចាំ​វស្សា​អស់​៣​ខែ​ដោយ​បរិបូណ៌ ទើប​អាច​ហែ​កឋិន​ចូល​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅ​កម្ពុជា​មិន​ដែល​ថា វត្ត​អារាម​ណា​ដែល​មិន​មាន​កឋិន​នោះ​ឡើយ ។

ទាក់ទង​នឹង​កឋិន​នេះ បព្វជិត​ក្តី គ្រហស្ថ​ក្តី​អាច​ធ្វើ​កឋិនទាន​បាន​ដូច​គ្នា​មិន​ទាស់​ទៅ​នឹង​ធម៌​វិន័យ​ទេ ។
កឋិនទាន​អាច​សម្រាល​នូវ​ទុក្ខ​លំបាក​ក្នុង​ការ​ប្រើប្រាស់​បច្ច័យ​មួយ​ចំនួន​របស់​ភិក្ខុសង្ឃ​ដូច​ជា ត្រៃចីវរ អាហារ​ភោជន និង​លាភសក្ការៈ​ផ្សេង​ៗ ដែល​កើត​មាន​ដល់​សង្ឃ នឹង​អាច​ប្រើប្រាស់​បាន​តាម​ការ​គួរ ហើយ​ការ​សម្រា​ល​ទុក្ខ​លំបាក​នេះ​មាន​រយៈកាល ៥​ខែ និង​បាន​ចំពោះតែ​ភិក្ខុ​ដែល​គង់​ចាំ​វស្សា​អស់​ត្រីមាស​បាន​ត្រឹមត្រូវ តែបើ​ចាំ​វស្សា​ដែរ តែ​ធ្វើ​ឱ្យ​ដាច់​វស្សា​នោះ ក៏​មិន​អាច​ក្រាល​គ្រង​កឋិន​បាន​ដែរ ។

ចំណែក​ទាយក​ទាយិកា អ្នក​ធ្វើ​កឋិន​ក៏​ត្រូវ​បាន​ទទួល​កុសលផល​បុណ្យ​ច្រើន​លើសលប់​ទៅ​តាម​កុសល​ចេតនា បសាទ​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន ។ (​ដោយ​សាន សា​រិ​ន​)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ