មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ


នៅ​ពីក្រោយ​ភាព​អស្ចារ្យ​នៃ​ប្រទេស​ចិន​បច្ចុប្បន្ន​គឺ​បុរស​ម្នាក់​បាន​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​៧០​ឆ្នាំ​មុន ។ មេដឹកនាំ​ក្រហម​នោះ​គឺ​លោក​ម៉ៅ សេ​ទុង ។ កោះ​សន្តិភាព​នឹង​ធ្វើការ​ពិនិត្យ លើ​ជីវិត​របស់​ម៉ៅ សេ​ទុង ដោយ សម្លឹង​មើល ថា​តើ​គាត់​បង្កើតសាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​យ៉ាងដូចម្តេច ? តើ​គាត់​ដុះ​គំនិត​បដិវត្តន៍​ពី​ពេល​ណាមក ? តើ​គាត់​មាន​ស្ទីល​ដឹកនាំ​ប្រទេស​ចិន​ដូច​ម្តេច ? តើ​គាត់​មានជីវិត​ស្នេហា​យ៉ាងដូចម្តេច ? តើ​គាត់​លេង​សន្លឹក​បៀរ​នយោបាយ​ជាមួយ​អេ​មេ​រិ​ក​យ៉ាងដូចម្តេច ?

ម៉ៅ សេ​ទុង គឺជា​រដ្ឋបុរស​បដិវត្តន៍ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ដាក់​អោយ​អនុវត្ត​គំរូ​រដ្ឋាភិបាល​កុ​ម្មុ​យ​និ​ស្ត​តែ​មួយ​គត់​នៅ លើពិភពលោក ។ ខណៈ​ដែល ប្រទេស កម្ពុជា​មាន​ទំនាក់​ជិត​ស្និ​ទ្ឋ​ជាមួយនឹង​ប្រទេស​ចិន​វា មាន​សារសំខាន់​ដែល​ត្រូវ​យល់​ដឹង​ពី​មេដឹកនាំ​ចិន​និង​ការ​កកើត​នៃ សាធារណ រដ្ឋ​ប្រជាមា​និ​ត​ចិន ។នៅ​ពេល​សតវត្ស​ទី​១៩​ខិត​ទៅ​រក​ទី​បញ្ចប់​ឯ​សតវត្ស​ទី​២០​នៅ​ពុំ​ទាន់​លេច​ស្រមោលនៅឡើយ កុមារ​ចិន​ម្នាក់​ឈ្មោះ ម៉ៅ សេ​ទុង បាន​ចាប់កំណើត ។ ឪពុក​របស់​ក្មេង​នេះ​តឹងតែងណាស់​ចំពោះរូបគេ ហើយ​ជា​រឿយ​ៗ​បាន​វាយ​កុមារ​ម៉ៅ​ដោយសារ​តែ​រូបគេ​ពុំ​បាន​ធ្វើ​អ្វី​ៗ អោយ​លឿន​តាម​ចំណង់​របស់​ខ្លួន ។ ពេល​កុមារ​រូប​នេះ​ធំ​ឡើង គេ​ច្រើន​តែ​និយាយ​ប្រឆាំង​នឹង​អាជ្ញាធរ​និង​គ្រូ​របស់​ខ្លួន ហើយ​ក្រោយមក​ទៀត​ប្រឆាំង​នឹង​អ្នកមាន​ឋាន​បុណ្យ​សក្តិ​ខ្ពស់​ៗ​ក្នុង​រដ្ឋាភិបាល ។ លោក មាន​ជំនឿ​ថា ប្រជាជន​គួរ​គ្រប់គ្រង​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង ។ ក្រោយ​ពី​អាន​អត្ថបទ​របស់​កាល់​ម៉ា​ក្ស លោក​បាន​ក្លាយជា​ជន​កុ​ម្មុ​យ​និ​ស្ត​ម្នាក់​និង​បាន​ប្រកាស​ថា រាល់ពាក្យពេចន៍​ពិត​រាប់​ពាន់​ក្នុង អត្ថបទ​កាល់ ម៉ា​ក្ស ត្រូវ​បំ​ព្រួញ​មក​នៅ​ត្រឹម​ប្រយោគ​មួយ​ដែលមាន​ន័យ​ថា “​ជា​ការ​សមរម្យ​ណាស់​ក្នុង​ការ​ធ្វើ​ឧទ្ទាម​កម្ម​” ។

ថ្ងៃ​១ តុលា ១៩៤៩ ម៉ៅ សេ​ទុង ក្នុង​អាយុ​៥៥​ឆ្នាំ បាន​ឡើងឈរ​លើ​យ៉​ខាង​មុខទ្វារ​ចូល​ក្រុង
ប៉េ​កាំ​ង ។ អស់​រយៈពេល​រាប់​សិប​ឆ្នាំ​នៅ​ពេល​ឆ្លងកាត់​មាត់ទ្វារ​នេះ​ប្រជាជន​ចិន​តែងតែ​ឱន
ក្បាល​គោរព​ទាំង​ភ័យ​ខ្លាច​ដល់​ពួក​អធិរាជ​ដ៏​មាន​អំណាច​បំផុត​របស់​ប្រទេស តែ​ពេល​នេះ
មហាជន​ទាំង​ហ្វូង​ៗ​មក​ជួបជុំ​គា្ន​យ៉ាង​កកកុញ​ដើម្បី​អបអរ​សារ​ទរ​មេដឹកនាំ​ម្នាក់​ដែល
ផុស​ចេញពី​គ្រួសារ​កសិករ​មួយ ។

ម៉ៅ​បាន​ប្រកាស​ពី​អត្ថិភាព​របស់​សាធារណ រដ្ឋ​ប្រជាមានិត​ចិន​និង​ថា “​អំណើះ​តទៅ​ប្រជាជាតិ
របស់​ខ្លួន លែង​ជា​ប្រជាជាតិ​ដែល​ត្រូវ​គេ​ធ្វើ​អោយ​អាម៉ាសមុខ​ទៀត​ហើយ​” ។ តើ​ម៉ៅ សេ​ទុង អាច​ប្រែក្លាយ​ខ្លួន​ពី​កុមារ​មក​ពី​គ្រួសារ​កសិករ​ទៅ​ជា​មេដឹកនាំប្រទេស​ចិន​យ៉ាងដូចម្តេច ? តើ​ម៉ៅ​ដែល​ធ្លាប់តែ​ចំណាយ​ពេលវេលា​ក្នុង​វ័យ​កុមារ​របស់​ខ្លួន​ធ្វើការ​ជាមួយ​គ្រួសារ​កសិករ​របស់​លោក​នៅ​ឯ​ស្រែ​ក្នុង​ខេត្ត​ហូ​ណា​ន អាច​លេច​ឈ្មោះ​បោះ​សម្លេង និង​ក្លាយជា​មេដឹកនាំ បដិវត្តន៍​មហិមា​ក្នុង​យុគសម័យ​យើង​យ៉ាងដូច​ម្តេចទៅ ? ដោយ​សរសេរ​រំ​ឮ​ក​ពី​ពេលវេលា​កាល​នៅ​ជា​កុមារភាព ម៉ៅ​នៅ​ចាំ​ថា​ឪពុក​របស់​គាត់បាន​វាយ​រូប​គាត់​និង​បងប្អូន​ប្រុស​គាត់​ជា​រឿយ​ៗ ។ ម៉ៅ​និយាយ​ថា “​គាត់​ពុំដែល​បានអោយ លុយកាក់​ដល់​ពួក​យើង ហើយ​ផ្តល់​ចំណីអាហារ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​” ។ តែ​ម្តាយ​របស់​ម៉ៅ​គឺជា​ពុទ្ធសាសនិក​ម្នាក់ ជា​មាតា​ចិត្តល្អ និង​ប្រកបដោយ​ភាព​កក់ក្តៅ​បំផុត ។ នៅ​ពេល​គ្រួសារ​គាត់​កាន់តែ​មាន​ទ្រព្យធន​ដោយសារ​តែ​ការ​រកស៊ី​លក់ដូរ​របស់​ឪពុកទទួល​បាន​ជោគជ័យ ម្តាយ​របស់​ម៉ៅ​តែង​ផ្តល់​ទាន​ជា​ចំណីអាហារ​ដល់​អ្នក​សុំទាន​ជា​និច្ចដែល​នេះ​ជា​ទ​ង្វើ​មួយ​ប្រឆាំង​នឹង​បំណង​របស់​គាត់ ។

អាយុ​បាន​៦​ឆ្នាំ ឪពុក​បា​នប​ញ្ចូ​ន​កុមារ​ម៉ៅ​អោយទៅ​រៀន ជា​ហេតុ​នាំ​អោយ​គាត់​ចេះ​គិត​លេខ​និង​កាន់​បញ្ជី​រកស៊ី​ក្នុង​គ្រួសារ ។ តែ​ទោះជា​យ៉ាងណា ម៉ៅ​ពុំ​បោះបង់​ចោល​កិច្ចការ​ស្រែ​ចំការ​ទេ គឺ​គាត់​តែ​ទៅ​ធ្វើការ​ក្នុង​ស្រែ​រៀង​រាល់​រសៀល​រហូត​ដល់​ពេល​ល្ងាច ។ រឿងនេះនៅមានវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ