ទឹកប្រាក់ ៨៩ លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​នៅ​តំបន់​ជនបទ


រាជធានី​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន ៨៩ លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​បង្កើន​លទ្ធភាព​តំបន់​ជនបទ​ក្នុង​ការ​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ ព្រមទាំង​កែ​លម្អ​កិច្ច​ខិតខំ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយ ADB កាលពី​ថ្ងៃ​ទី ៣០​ខែតុលា ឆ្នាំ ២០១៩ ។

លោកស្រី សាន់​នី​យ៉ា ឌូ​រ៉ា​នី​-​ចា​ម៉​ល (Sunniya Durrani-Jamal) នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី មាន​ប្រសាសន៍​ថា «​កម្មវិធី​ទាំង​ពីរ​នេះ​គាំទ្រ​ដល់​វិស័យ​អាទិភាព​ទាំង ៤ របស់​យុទ្ធសាស្ត្រ​ចតុកោណ រួម​មាន​ដូច​ជា​៖ ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាម​រយៈ​ការ​កែ​លម្អ ការ​ថែទាំ​សុខភាព សាធារណៈ និង​អាហារូបត្ថម្ភ ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ ហិរញ្ញវត្ថុ និង​ធនាគារ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ការងារ និង​មុខរបរ តាម​រយៈ​កិច្ច​គាំទ្រ សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ព្រមទាំង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​តាម​រយៈ​ការ​លើកកម្ពស់​វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​» ។

បាយការណ៍​បាន​សង្កត់ធ្ងន់​ថា «​ប្រជាពលរដ្ឋ​ប្រមាណ ៤០០.០០០ នាក់ នឹង​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក និង​អនាម័យ​ជនបទ​ដំណាក់កាល​ទី ៣ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​អនុម័ត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ តាម​រយៈ​ការ​សាងសង់ និង​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ចំនួន ២.៥០០ កន្លែង ព្រមទាំង​ការ​អនុវត្ត​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង យ៉ាង​ហោច​ណាស់​ក្នុងភូមិ​ចំនួន ៤០០ នៃ​ខេត្ត​ចំនួន ១០ ក្នុង​ប្រទេស​កម្ពុជា​» ។

សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព និង​គួរ​ឱ្យ​ជឿជាក់​បាន នៅ​តែ​បន្ត​មាន​ភាព​ខ្វះខាត​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ចំនួន ៧៧% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​ចំនួន ១៦,៤ លាន​នាក់ រស់នៅ ។ ក្នុង​ឆ្នាំ ២០១៧ បើ​ទោះបីជា​គ្រួសារ​ជនបទ​ចំនួន ៧៣% មាន​លទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់ ទឹក​ស្អាត​ក៏​ដោយ ប៉ុន្តែ មាន​តែ ១១% ប៉ុណ្ណោះ ក្នុង​ចំណោម​គ្រួសារ​ទាំងនេះ​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​តាម​រយៈ ការ​ភ្ជាប់​បណ្តាញ​បំពង់​ទុយោ ។

ស្របគ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជនបទ​ចំនួន ៥៦% មាន​លទ្ធភាព​ទទួល​បាន​អនាម័យ​ប្រសើរ​ជាង​មុន ហើយ​ប្រជាពលរដ្ឋ​ជនបទ ប្រមាណ ៤១% នៅ​តែ​បន្ត​អនុវត្ត​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រាគ​រូស និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃ​ទៀត ។
អនុ​កម្មវិធី​ទី ២ នៃ​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ដែល​បាន​ទទួល​ការ​អនុម័ត​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី​ខែកញ្ញា ឆ្នាំ ២០១៩ គាំទ្រ​ដល់​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​មួយ ប្រកបដោយ​ប្រសិទ្ធ​ផល និង​មាន​ស្ថេ​រ​ភាព ដែល​ជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់តែ​ធំធេង ។ អន្តរាគមន៍​សំខាន់​ៗ​រួម​មាន​៖ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ជា​ពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ​នៅ​ជនបទ និង​សហគ្រាស​ធុន​តូច និង​មធ្យម ។ កម្មវិធី​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​ស្ថេ​រ​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ព្រមទាំង​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់​ការ​ណែនាំ​ឱ្យ​ស្គាល់​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​ៗ​ផង​ដែរ ។

វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា កំពុង​ស្ថិត​នៅ​ដំណាក់​នៃ​ការ​អភិវឌ្ឍ​កាល​បឋម​នៅឡើយ និង រង​ការ​គ្របដណ្តប់​ពី​អនុ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ។ បើ​ទោះបីជា​មានការ​សម្រេច​បាន​សមិទ្ធិ​ផល​ការងារ​ជា​ច្រើន​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​នៅ​មាន​កម្រិត​នៅឡើយ ជា​ពិសេស​នៅ​តំបន់​ជនបទ ។ ប្រជាជន​ស្ទើរតែ​មួយ​ភាគ​បី ត្រូវ​បាន​ផាត់​ចេញ​ទាំងស្រុង ដោយ​ពួក​គេ​គ្មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវាកម្ម ហិរញ្ញវត្ថុ​ក្នុង​ទម្រង់​ណាមួយ​ឡើយ ។ កិច្ច​ខិតខំ​ក្នុង​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន បាន​ទទួល​រង​ការ​រាំងស្ទះ​ពី​បញ្ហា​អក្ខរ​ភាព​ហិរញ្ញវត្ថុ​ដែល​នៅ​មាន​កម្រិត​ទាប​នៅឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ