កម្ពុជា​ជាប់​ចំណាត់​ប្រទេស​ទី ៥ នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប


រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​របស់​កម្ពុជា​មានការ​រីក​ចម្រើន បាន​ជំរុញ​ឱ្យ​កម្ពុជា​នាំ​ចេញ​អង្ករ​សរីរាង្គ​ជាប់​ជា​ប្រទេស​ទី ៥ ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​កាលពី​ថ្មី​ៗ​នេះ​ថា «​ការ​វិវឌ្ឍន៍​រីក​ចម្រើន​ក្នុង​វិស័យ​កសិកម្ម បាន​លើក​ស្ទួយ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ ១០ និង​ជា​ប្រទេស​ទី ៥ ដែល​កំពុង​នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ។ កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​ជាង ១០,៨​លាន​តោន សល់​ស្រូវ​ចំនួន​ជាង ៥,៨​លាន​តោន​សម្រាប់​នាំ​ចេញ បាន​នាំ​ចេញ​អង្ករ​ជា​ផ្លូវការ​ចំនួន​ជាង ៦៣៥​ពាន់​តោន និង​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប ៤,២៣​លាន​តោន​» ។

លោក កាន់ គ​ន្ធី អគ្គនាយករង​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា​កន្លង​មក​ថា កម្ពុជា​ពិតជា​ជាប់​ចំណាត់ថ្នាក់​ប្រទេស​ទី ៥ ក្នុង​ការ​នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ទីផ្សា​អឺរ៉ុប ហើយ​កម្ពុជា នៅ​មាន​សក្តានុពល​ក្នុង​ការ​ព​ង្រី​ការ​ដាំ​ដុះ​បន្ត​ទៅ​ទៀត បើ​យើង​ប្រៀបធៀប​ទៅ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌា ប៉ា​ហ្គី​ស្ថាន និង ថៃ គេ​ប្រើប្រាស់​ដី​អស់​លទ្ធភាព ។
លោក​អគ្គនាយករង​លើក​ឡើង​ថា «​ប្រទេស​រីក​ចម្រើន​ដូច​ជា អឺរ៉ុប អា​មេ​រិ​ក រួម​និង កា​ណា​ដា គេ​ត្រូវការ​អង្ករ និង​ដំណាំ​សេរី​រា​ង្គ​ខ្លាំង​ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​សម្រាប់​អ្នក​បរិភោគ ។ ទីផ្សារ​សរីរាង្គ​មាន​ប្រមាណ ៨៩​ពាន់​លាន​ដុល្លារ​នៅ​លើ​ពិភពលោក ហើយ​កម្ពុជា​ទើប​ធ្វើ​បាន​ប្រហែល ៥​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨ និង ២០១៩​នេះ ។ អ៊ីចឹង​មាន​ន័យ​ថា​យើង​នូវ​មាន​សក្តានុពល​ពង្រីក​ទីផ្សារ ពិសេស​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ទៅ​ខាង​សហគមន៍​អឺរ៉ុប អា​មេ​រិ​ក កា​ណា​ដា ដោយសារ​ប្រជាជន​គេ​អ្នកមាន​គេ​ឱ្យ​តម្លៃ​ទៅ​លើ​ផលិតផល​សេរី​រា​ង្គ​វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​» ។

លោក​សង្កត់ធ្ងន់​ថា​ទីផ្សារ​សរីរាង្គ​នៅ​អឺរ៉ុប វា​ធំ​សម្រាប់​កម្ពុជា​យើង​បន្ទាប់​មក​ទីផ្សារ​អា​មេ​រិ​ក និង កា​ណា​ដា ។ កាលពី​ឆ្នាំទៅ​ការ​នាំ​ចេញពី​ស្រុក​ខ្មែរ​ទៅ​មាន​ប្រមាណ ៩​ពាន់​តោន ហើយ​ក្នុង​នោះ ៨០% ជា​ផលិតផល​សរីរាង្គ​របស់​អេ​ម​រុ ។ អេ​ម​រុ កំពុង​ពង្រីក និង​ពង្រឹង​សក្តានុពល​ស្រូវ​សេរី​រា​ង្គ​បន្ថែម​ទៀត ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​ត្រូវ​បង្កើន​ការ​ផលិត និង​នាំ​ចេញ​ឱ្យ​បាន​យ៉ាងតិច ៣០% ។

លោក កាន់ គ​ន្ធី ឱ្យ​ដឹង​ទៀត​ថា អេ​ម​រុ រាយ​ស៍ កំពុង​សិក្សាការ​ដាំ​ដុះ​ផលិតផល​សរីរាង្គ នៅ​កោះ​ញែក នៅ​ចន្លោះ​ខេត្ត មណ្ឌលគិរី រតនៈគិរី និង​កំពុង​សិក្សា​នៅ​តាម​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ។ ធ្វើ​ដំណាំ​សរីរាង្គ​នេះ យើង​មិន​ចេះ​តែ​ធ្វើ​បាន​នោះ​ទេ ទាល់តែ​ដី​ទាំងនោះ​ត្រូវ​បាន​គេ​រុករក​រ៉ែ ឬ​ធ្លាប់​បាន​បំពុល​នូវ​បរិស្ថាន ហើយ​ប្រភេទ​ដី​បែប​នេះ​នៅ​ប្រទេស​ឥណ្ឌា ប៉ា​ហ្គី​ស្ថាន​និង​ប្រទេស​ថៃ​វា​ចង់​អស់ហើយ ។
តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ គោលដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​គឺ​ត្រូវ​ជំរុញ​កំណើន​កសិកម្ម និង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព តាម​រយៈ​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម បង្កើន​តម្លៃបន្ថែម និង​ពង្រីក​ការ​ប្រកួតប្រជែង​ទីផ្សារ ព្រមទាំង​រក្សា​បាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​ដី​កសិកម្ម និង​ធានា​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ និង​ជលផល​ប្រកបដោយ​និរន្តរភាព ។

បើ​យោង​តាម​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​បំ​ព​ញ​បែបបទ​នាំ​ចេញ​អង្ករ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ ២០១៦ កម្ពុជា​នាំ​ចេញ​អង្ករ​សរុប​ទៅ​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ប្រមាណ ៣៤១.០៦៦ តោន​, ឆ្នាំ ២០១៧ មាន​ប្រមាណ ២៧៦.៨០៥ តោន និង​ឆ្នាំ ២០១៨​មាន​ប្រមាណ ២៦៩.២១៧ តោន ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ