ចិន​ទទួល​លោក​ម៉ា​ក្រុ​ន តែ​ព្រមាន​រឿង​ហុងកុង


ប្រទេស​ចិន​-​បារាំង ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​បាន​រៀបចំ​ទទួល យ៉ាង​កក់ក្ដៅ​បំផុត​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន ពេល​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ប៉ុ​ន្តែ​​ដោយ​ព្រមាន​ប្រធានាធិបតី​បារាំង កុំ​ឲ្យ​លូកដៃ​ចូល​ក្នុង​វិបត្តិ​នៅ​ហុងកុង​។

លោក​ម៉ា​ក្រុ​ន​និង​ភរិយា​លោកស្រី​ព្រី​ហ្ស៊ីត​ម៉ា​ក្រុ​ន​បាន​មក​ដល់​ក្រុង​សៀង​ហៃ នា​វេលា​រសៀល​ម៉ោង​ក្នុងស្រុក​ដើម្បី​បំពេញ​ទស្សនកិច្ច​លើក​ទី​២​នៅ​ចិន ដោយ​ផ្ដោត​ពិសេស​លើ​បញ្ហា​ពាណិជ្ជ​កម្ម​។ ក្នុង​ពេល​លោក​មក​កាន់​ចិន​កាលពីដើម​ឆ្នាំ​២០១៨ លោក​ម៉ា​ក្រុ​ន​ធ្លាប់​បាន​សន្យា​ថា​នឹង​មក​កាន់​ប្រទេស​នេះ​ទៀត យ៉ាងតិច​ក៏​ឲ្យ​បាន​មួយ​លើក​ដែរ​ក្នុង​១​ឆ្នាំ​។

ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង​ស្វែងរក​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​លោក​ជាមួយ​ពួក​អឺរ៉ុប ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​លោក​មានការ​យឺត​យា​៉​វ​និង​មានការ​ចុះ​ថយ ដោយសារ​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ ចិន​ក៏​ប្រឈម​មុខ​ដែរ​ចាប់តាំងពី​៥​ខែ​មក​ហើយ ចំពោះ​វិបត្តិ​នៃ​ការ​ផ្ទុះ​បាតុកម្ម​នៅ​ហុងកុង​។

ខណៈ​ដែល​វិមាន​ប្រធានាធិបតី​បារាំង​អេ​លី​ហ្សេ​អះអាង​ថា លោក​ម៉ា​ក្រុ​ន​នឹង​លើក​ពី​រឿង​រសើប​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ព្រមទាំង​សភាពការណ៍​នៅ​ហុងកុង​និង​នៅ​តំបន់​ស៊ី​ន​ជាំ​ង​ដែល​មាន​ពួក​អ៊ិ​ស្លា​ម​ភាគច្រើន ក្រុង​ប៉េ​កាំ​ង​បាន​ចេញ​ការ​ព្រមាន​មួយ​ចំពោះ​ប្រធានាធិបតី​បារាំង​។

ក្រសួងការបរទេស​ចិន​បាន​ព្រមាន​ថា​ហុងកុង​និង​ស៊ីន​​ជាំ​ង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ហើយ​មិន​ត្រូវ​លើក​រឿង​ទាំងនេះ​បញ្ចូល​ក្នុង​របៀបវារៈ​ការទូត​ឡើយ​។

លោក​ម៉ា​ក្រុ​ន​ត្រូវ​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​ជាមួយ​មេដឹកនាំ​ដទៃ​ៗ​ទៀត​នៃ​ពិភពលោក​ដែល​មក​ចូលរួម​បើក​ពិព័រណ៍​នាំ​ចូល​ក្រុង​សៀង​ហៃ ដែល​ជា​ការ​ជួប​គ្នា​ប្រចាំឆ្នាំ​បង្កើត​ឡើង​ដោយ​ចិន ដើម្បី​បង្ហាញ​ពី​បំណង​បើកចំហ​ទីផ្សារ​របស់​ខ្លួន​។

ការ​ចរចា​បារាំង​-​ចិន​ពិតជា​សំខាន់​ណាស់​ក្នុង​ពេល​ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​វិបត្តិ​ជា​បន្ត​បន្ទាប់ ខណៈ​លទ្ធិ​គាំពារ​និយម​និង​ឯកតោភាគី​និយម​មានការ​កើនឡើង​ជាប់​។ បណ្ដា​អ្នក​នៅ​ជុំវិញ​លោក​ម៉ា​ក្រុ​ន​យល់​ថា សហរដ្ឋអាមេរិក​លើក​ពី​បញ្ហា​ល្អ​ៗ​តែ​ចម្លើយ​បែរជា​អាក្រក់ ជាមួយ​សង្គ្រាម​ពាណិជ្ជកម្ម​។

ខណៈ​ដែល​ក្រុង​វ៉ា​ស៊ិន​តោន​បង្កើន​ផង​ដែរ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ការ​ព្រមាន​នានា​លើ​ការ​គំរាមកំហែង​ខាង​យុទ្ធសាស្ត្រ​និង​មនោគមន៍វិជ្ជា​របស់​ចិន បារាំង​និង​ចិន​ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​. ប​និង​ក្នុង​ឋានៈ​ជា​ប៉ូ​ល​នៃ​អរិយធម៌ ត្រូវ​មានការ​ទទួលខុសត្រូវ ដើម្បី​ថែរក្សា​ភាព​រុងរឿង​និង​សន្តិភាព​ពិភពលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ